រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីរអធិការកិច្ចខេត្តកណ្តាល បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ

++++++++ខេត្តកណ្តាល៖ មន្ទីរអធិការកិច្ចខេត្តកណ្តាល សហការជាមួយអាជ្ញាធរក្រុងអរិយក្សត្រ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានរៀបចំការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្សជាង ២០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្នុងសង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ដែលពិធីផ្សព្វផ្សាយនេះប្រព្រឹត្តទៅ ក្រោមវត្តមាន លោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្តាល និងលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ ព្រមទាំងមានវត្តមានចូលរួមផងដែរពីសំណាក់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ។ថ្លែងក្នុងពិធីនេះ លោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្ត បានអំពាវនាវដល់ សិស្សានុសិស្ស អ្នកបើកបរយានយន្តគ្រប់ប្រភេទ សូមចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា ដែលបានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចជា មិនត្រូវបើកបរលើសល្បឿនកំណត់ គោរពសិទ្ធិអាទិភាព ផ្លាកសញ្ញាចរាចរណ៍ ប្រកាន់ស្ដាំ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហើយបើស្រវឹងសូមកុំបើកបរ បើបើកបរកុំពិសារគ្រឿងស្រវឹង ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយចំនួនអ្នកស្លាប់ អ្នករងរបួស អ្នកពិការ និងការខូចខាតនានា ដែលបង្កដោយសារគ្រោះថ្នាក់ចរាចរណ៍។លោក គា ប៊ុនថន បានថ្លែងបន្តថា គោលបំណងនៃការរៀបចំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនាថ្ងៃនេះ គឺដើម្បីជាការពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្តឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាបបំផុត។ ពីព្រោះសុវត្ថិភាពចរាចរណ៍ គឺជាផ្នែកមួយយ៉ាងសំខាន់នៃសុខភាពសាធារណៈ ជាការងារចម្បងដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ខណៈចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែមានចំនួនខ្ពស់ និងកើនឡើងយ៉ាងខ្លាំង គៗជាបញ្ហាចាំបាច់ចំពោះមុខ ដែលត្រូវតែរួមគ្នាដើម្បីដោះស្រាយ។លោកប្រធានមន្ទីរ បានបន្ថែមថា បើយើងទាំងអស់គ្នាមិនចូលរួមគោរពច្បាប់ចរាចរណ៍ទេ នោះយើងនៅតែអាចទទួលនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដែលអាចបណ្ដាលអោយយើងពិការ ឬបាត់បង់ជីវិត ហើយការកកស្ទះចរាចរណ៍នៅតែកើតមាន ដែលបណ្តាឱ្យខាតបង់ទាំងពេលវេលា សេដ្ឋកិច្ច និងសណ្ដាប់ធ្នាប់ក្នុងសង្គម ហេតុនេះយើងមិនត្រូវបណ្ដោយឱ្យអាយុជីវិត និងពេលវេលារបស់យើងខាតបង់ដោយសារតែបញ្ហានេះឡើយ។ថ្លែងក្នុងពិធីនេះដែរ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានសំដែងនូវការគាំទ្រ និងថ្លែងអំណរគុណ ចំពោះមន្ទីរអធិការកិច្ច ដែលយកអស់កំលាំងកាយចិត្តចុះពន្យល់ ផ្សព្វផ្សាយច្បាប់ចរាចរណ៏ផ្លូវគោក ដល់សាធារណៈជន ពិសេសសិស្សានុសិស្ស ឱ្យបានយល់ដឹង សំដៅចូលរួមជួយកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ទាំងស្រុងនូវរាល់គ្រោះថ្នាក់ចរាចរណ៏ក្នុងប្រទេសកម្ពុជា។ លោកអភិបាលក្រុង បានធ្វើការរំលឹក ផងដែរថា បើស្រវឹងកុំបើកបរ បើបើកបរកុំផឹងគ្រឿងស្រវឹង មុននិងចេញដំណើរត្រូវ ពិនិត្យយានយន្ត ពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ។ លោកអភិបាលក្រុងអរិក្សត្រ ក៏បានអំពាវនាវ ដល់សិស្សានុសិស្សសូមយកនូវរាល់ចំណេះដឹងដែលទទួលបានពីការផ្សព្វផ្សាយនាពេលនេះ ជួយផ្សព្វផ្សាយបន្តទៅដល់មិត្តភក្កិ សាច់ញាតិបងប្អូនឱ្យបានយល់ដឹងសំដៅរួមគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។សូមបញ្ចាក់ផងដែរថា យោងតាមច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក មាត្រាទី ៧៦បានចែងថា ជនណាបើកបរមិនព្រមបញ្ឈប់យានយន្តនេះតាមការបញ្ជារបស់លោកមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដើម្បីធ្វើតេស្តពិនិត្យជាតិអាល់កុល ឬសារធាតុញៀនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ពី ៦ថ្ងៃទៅ ១ខែ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ ៨សែនរៀល។ មាត្រាទី ៨០ ជនណារារាំង ឬប្រើប្រាស់មធ្យោបាយណាមួយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ៨សែនរៀលទៅ ៨លានរៀល។

អត្ថបទទាក់ទង