រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន ០៤ភូមិ ក្នុងសង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល

+++++++++++ខេត្តកណ្តាល៖រសៀលថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រៃស្តី បានអញ្ជេីញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន ០៤ភូមិ សរុបចំនួន ២ ៣៣២ប័ណ្ណ គឺភូមិព្រែកប៊ុក ភូមិអន្លង់សាន្ត ភូមិកោះចាស់ និងភូមិព្រែកស្តី សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល ។ឯកឧត្តមហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍មានថា​៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺបានផ្តោតយ៉ាងសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវបន្តអនុវត្តការកែទម្រង់ឲ្យកាន់តែសកម្ម និងស៊ីជម្រៅ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឲ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាពតាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ ការចុះបញ្ជីដីគ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌឲ្យបានចប់សព្វគ្រប់ជាស្ថាពរ។ឯកឧត្តមបន្តថា​៖ ក្នុងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញ ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា នាពេលនេះ​ ដែល​អាចនិយាយបានថា ប្រសិនបើគ្មានការរួមចំណែក និងចូលរួមលះបង់ទាំងនេះយើង ពិតជាមិនអាចឈានទៅសម្រេចបានលទ្ធផលដូចជាពេលនេះបានឡើយ ។ឯកឧត្តមបន្ថែមថា​៖ បណ្ណសម្គាល់អចលនវត្ថុដែលបងប្អូនបានទទួលនៅថ្ងៃនេះ​អាចយកទៅប្រើប្រាស់ និងចាត់ចែងបានតាមតម្រូវការចាំបាច់ស្របតាមច្បាប់​ ហេីយត្រូវទុកដាក់ថែរក្សាឲ្យបានល្អ​ ជៀសវាងការខូចខាតឬបាត់បង់ជាដេីម។ឯកឧត្តមបានសំណូមពរដល់អាណាព្យាបាលត្រូវអប់រំណែនាំកូនចៅជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន​ បងធំ​ បងតូច​ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ​ ដេីម្បីអនាគតគ្រួសារ​ និងសង្គមជាតិយេីង។​ ម្យ៉ាងទៀតសូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវចូលគោរពច្បាប់ចរាចរណ៍អោយត្រឹមត្រូវគ្រប់ៗគ្នា។ឯកឧត្តមអភិបាលរងខេត្តបាន​ ថ្លែងនូវការចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាឱកាសនេះ និងសូមស្នើដល់បងប្អូនត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាឯកសារនេះឲ្យបានត្រឹមត្រូវ ប្រើប្រាស់បានចំគោលដៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឲ្យបានកាន់តែល្អប្រសើរ។លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល បានថ្លែងថា៖ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអាទិភាព១៥ ចំណុច ក្នុងនោះគោលនយោបាយអទិភាពគន្លឹះទី៥ គឺការចុះបញ្ជីដីធ្លី ដែលជាការផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋអោយបានលឿនដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្តិភាពក្នុង ការកាន់កាប់ដីធ្លីស្រប តាមគោលនយោបាយគន្លឹះចំនួន ៣គគឺ (ការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាស គ្មានវិវាទ) ។លោកបានបន្តថា៖បើគិតមកដល់ពេលនេះការចុះបញ្ជីបាន ៦៤ ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង៥៤៩ភូមិ លើ ១០១០ភូមិ គឺស្មើនឹង៥៤% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៥៤,៥០៥ ក្បាលដី ក្នុងនោះបានចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤០១,៨២១ ប័ណ្ណ និងចែកប័ណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២៣៧ លើកស្មើនឹង ៣២៧,៤១០ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៣៨ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋស្ថិតនៅភូមិព្រែកប៉ុក ចំនួន ៥៦៩ប័ណ្ណ ភូមិអន្លង់សាន្ត ចំនួន ៨៥៩ ប័ណ្ណ ភូមិកោះចាស់ ចំនួន ៧១៤ប័ណ្ណ និងភូមិព្រែកស្តី ចំនួន ១៩០ប័ណ្ណ សរុបចំនួន២ ៣៣២ប័ណ្ណ៕

អត្ថបទទាក់ទង