++++++++++ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យដីធ្លីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធថា៖ការបិទផ្សាយនេះគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន ហើយការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ពិតជាអនុវត្តតាមនីតិវិធីដែលបានកំណត់ដោយច្បាប់ និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត និងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី។នេះជាការសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយដល់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ ជាប្រយោជន៍ដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជាម្ចាស់ដី។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត៖ បានកោតសរសើរដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល ដែលបានខិតខំប្រឹងប្រែងក្នុងការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ចំនួន ០៤ភូមិ គឺភូមិត្បូង ភូមិក្រោម ភូមិកណ្តាល និងភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល សម្រេចបានជាផ្លែផ្កាដែលមានក្បាលដីចំនួន៣,៦៤១ក្បាលដី។ ឯកឧត្តមបានលើកឡើងបន្ថែមថា៖ មុនឈានដល់ការសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) នីមួយៗ គឺមានការងារច្រើនណាស់ដែលទាមទារនូវការខិតខំប្រឹងប្រែងរបស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរ ស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងអស់ ទាំងដីរដ្ឋ និងដីឯកជន។ ដោយឡែក អាជ្ញាធរមូលដ្ឋានមានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយជួយធ្វើការបញ្ជាក់នូវលិខិតស្នាមផ្សេងៗដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ដី អត្តសញ្ញាណក្បាលដី និងជួយធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដី និងអ្នកកាន់កាប់ដី ដើម្បីអោយពួកគាត់មកចូលរួមក្នុងការពិនិត្យផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនអោយបានគ្រប់គ្នា ក្នុងកំឡុងពេលបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវក្នុងការចេញប័ណ្ណកម្មសិទិ្ធជូនពួកគាត់។ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានថ្លែងថា៖តាមរយៈការបិទផ្សាយទិន្នន័យនាព្រឹកនេះ សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់ដី អ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធ មកចូលរួមពិនិត្យផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនអោយបានគ្រប់គ្នាក្នុងកំឡុងពេលបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ រយៈពេល ១៥ថ្ងៃ គឺគិតចាប់ពីថ្ងៃទី៩ ខែឧសភា រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងផ្លូវច្បាប់ ពោលក្នុងកំឡុងពេលនៃការបិទផ្សាយនេះម្ចាស់ដី អ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធ អាចធ្វើការកែតំរូវ ឬដាក់ពាក្យបណ្តឹងជំទាស់តវ៉ាបាន ប្រសិនបើពិនិត្យទៅឃើញថាមានកំហុសឆ្គង ដោយត្រូវដាក់ពាក្យស្នើសុំ ឬជំទាស់តវ៉ា ចូលមកគណៈកម្មការរដ្ឋបាល ទៅអោយមន្រ្តីដែលប្រចាំការនៅកន្លែងបិទផ្សាយ តាមរយៈអាជ្ញាធរ ភូមិ ឃុំ នៅមូលដ្ឋាន។ហើយសម្រាប់ស្រុកខ្សាច់កណ្តាល បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន ២០លើក ហើយការបិទផ្សាយនាពេលនេះមាន ចំនួន០៤ភូមិ គឺភូមិត្បូង ភូមិក្រោម ភូមិកណ្តាល និងភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល មានចំនួន ៣,៦៤១ ក្បាលដី៕











