++++++++++ខេត្តកណ្តាល៖ លោកជំទាវកត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីតលុង ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភាឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយគម្រោងផលប៉ះពាល់រហ័សស្តីពី ការពង្រីកកាលានុវត្តភាពមរតកដូនតាសម្រាប់ក្រុមស្រ្តីរេីសគោមផ្កា (ចរបាប់) ខេត្តកណ្តាល ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលឥណ្ឌា ស្ថិតនៅមជ្ឈមណ្ឌលអភិវឌ្ឍស្រីស្រុកខ្សាច់កណ្តាល។ ក្នុងសិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមផងពីសំណាក់ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល មន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកខ្សាច់កណ្តាល ក្រុងអរិយក្សត្រ ព្រមទាំងបងប្អូនស្ត្រីតម្បាញ ក្រុមគោលដៅ នៃស្រុកខ្សាច់កណ្តាលប្រមាណ ១០០ នាក់។ថ្លែងក្នុងសិក្ខាសាលានេះ លោកជំទាវកត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានគូសបញ្ជាក់ថា គម្រោងដែលដាក់ដំណើរការថ្ងៃនេះ បានរៀបចំឡើងជាផ្នែកមួយ តាមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ កាលពីឆ្នាំ២០២៣ សម្តេចតេជោ បានចង្អុលឱ្យក្រសួង ចំនួន៣ រួមមាន៖ ក្រសួងកិច្ចការនារី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវរួមគ្នាសហការ និងសម្របសម្រួលបណ្តុះបណ្តាលជំនាញបែបប្រពៃណីមរតកដូនតា តាមតម្រូវការជាក់ស្តែង។ កិច្ចការនេះ ក៏ជាការជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជន ពិសេសបងប្អូន កូនក្មួយជាស្រ្តី និងជាសក្តានុពលក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃទេសចរណ៍បែបវប្បធម៌ផងដែរ។លោកជំទាវកត្តិបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា នៅក្នុងគម្រោងនេះ គឺមានបំណងបំលែងការត្បាញចរបាប់ឱ្យទៅជានិមិត្តសញ្ញា នៃការច្នៃប្រឌិត និងមោទនភាពវប្បធម៌តាមរយៈការផ្តល់គុណតម្លៃ ការលើកកម្ពស់គុណភាព និងភាពច្នៃប្រឌិត ដោយផ្សាភ្ជាប់នឹងការពង្រឹងសមត្ថភាពផ្នែកឌីជីថល សហគ្រិនភាព និងភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅក្នុងសហគមន៍ ដែលនឹងអនុញ្ញាតឱ្យស្រ្តី អាចផ្សារភ្ជាប់ទំនាក់ទំនងទីផ្សារ និងពង្រីកវិសាលភាពទីផ្សារផលិតផលបែបបូរាណទំនើប។ វិធីសាស្រ្តដ៏ទូលំទូលាយនេះ នឹងអាចធានាពី អត្ថប្រយោជន៍ដល់ស្រ្តីសហគម ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពសេដ្ឋកិច្ច និងភាពចម្រើនរបស់គ្រួសារ និងសហគមន៍របស់ស្រ្តី និងដើម្បីរួមចំណែកថែរក្សា និងផ្តល់តម្លៃដល់កេរ្តិ៍មរតកដូនតា ដែលបានបន្សល់ទុកឱ្យយើងទាំងអស់គ្នាផងដែរ។លោកជំទាវ ស៊្រុន ស្រីនាង បានមានប្រសាសន៍ថា ដោយមានការគាំទ្រទាំងបច្ចេកទេស និងធនធាន ពីក្រសួងកិច្ចការនារី និងជំនួយពីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ជាមួយនឹងអ្នកផលិតតម្បាញស្ត្រី ប្រមាណ ១០០នាក់នៅក្នុងសហគមន៍ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់សហគមន៍ តាមរយៈការពង្រឹងសមត្ថភាព ការបង្កើនឱកាសការងារសម្រាប់ស្ត្រីក្នុងសហគមន៍ ការផ្តល់សេវាកម្ម ប្រកបដោយវិជ្ជាជីវៈ ជាពិសេសគាំទ្រដល់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី សហគ្រិនស្ត្រីក្នុងការអភិវឌ្ឍន៍ អាជីវកម្ម និងរក្សាទំនៀមទម្លាប់ប្រពៃណីរបស់កម្ពុជា។លោកជំទាវអភិបាលរងខេត្ត បានឱ្យដឹងថា យោងទិន្នន័យស្តីពី ការចុះសិក្សាស្រាវជ្រាវលើវិស័យសិប្បកម្មឆ្នាំ២០២៣ របស់មន្ទីរវប្បធម៌និង វិចិត្រសិល្បៈខេត្ត បានបង្ហាញថា ខេត្តកណ្តាលមានសិប្បកម្មជំនាញដូនតាជាច្រើនកន្លែងកន្លែង មានដូចជា៖ ចម្លាក់ពុម្ពស៊ីម៉ង់ត៍ ចម្លាក់ឈើ ចម្លាក់ថ្ម ចម្លាក់ប្រាក់-ស្ពាន់ ចម្លាក់ស្និត តម្បាញកន្ត្រកវល្លិ៍តម្បាញកន្ទេលកក់ តម្បាញមួកស្លឹកត្នោត តម្បាញក្រមា អំបោះសូត្រ និងការប៉ាក់ឌិនស្បៃ។ លោកជំទាវអភិបាលរងខេត្ត បានបញ្ជាក់ថា សិប្បកម្មទាំងនេះគឺ បានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រី ការបង្កើនភាពអង់អាចដល់ស្ត្រីក្នុងការប្រកបអាជីវកម្ម និងការជម្រុញស្ត្រីធ្វើជាម្ចាស់សហគ្រិន បង្កើននូវសក្តានុពលរបស់ខ្លួន រួមចំណែកយ៉ាងពេញលេញ នៅក្នុងកិច្ចការសង្គម និងការធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិត និងគ្រប់វិស័យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍសង្គមប្រកបដោយចីរភាព។











