++++++++ខេត្តកណ្តាល៖ នាព្រឹកថ្ងៃ០៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើវិធានការដោះស្រាយបញ្ហាប្រឈម សំណើសំណូមពរនានាដែលបាន លើកឡើងតាមរយៈវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពី កងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិក្រោម គឺជាកិច្ចការថ្មីមួយដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិត របស់ សម្តេចមហាបនធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ លើការបន្ត ពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមាន ចំណូលខ្ពស់។ឯកឧត្តម អភិបាលរងខេត្ត បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលបានចាប់ផ្តើមអនុវត្តដំបូងតាមរយៈការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០២ ស្របតាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ ក្នុងការចូលរួមថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ នៅមូលដ្ឋានបង្កើតឲ្យមានមូលដ្ឋានគ្រឹះ ប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន សំដៅលើកកម្ពស់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ឯកឧត្តម ក៏បានបន្ថែមទៀតថា ដោយមានការគាំទ្រពី ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលិខិតបទដ្ឋានគតិយុទ្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញដល់មន្ត្រីផ្តល់សេវា ទៅតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពល្អប្រសើរ តម្លាភាព ប្រសិទ្ធភាព និងមិនទាន់ពេលវេលា។










