++++++++++ខេត្តកណ្តាល៖ ភូមិចំនួន០២គឺភូមិកោះតេជោ និងភូមិកោះតេជោ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានក្បាលដីស្មើនឹង២,៥៣៧ក្បាលដី ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនបងប្អូនប្រជាពលរដ្ឋនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋមកពិនិត្យ ផ្ទៀងផ្ទាត់រកពីភាពត្រឹមត្រូវពិតប្រាកដបើសិនជាខុឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត ប្រភេទទ្រព្យទំហំដីត្រូវរាយការណ៍មកមន្ត្រីដែលនៅប្រចាំការក្នុងរយៈពេល១៥ថ្ងៃបងប្អូនប្រជាពលរដ្ឋអាចធ្វើការផ្ទៀងផ្ទាត់ ស្នើសុំកែតម្រូវ ឬតវ៉ាចំពោះចំណុចណាមួយដែលមិនត្រឹមត្រូវនឹងឆាប់បានចេញប័ណ្ណកម្មសិទ្ធជូន។ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ គឺជាម្ចាស់ដីធ្លីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់ ហើយបងប្អូនដែលជាម្ចាស់ដីមានសិទ្ធិប្រើប្រាស់អាស្រ័យផល និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ កុំឱ្យតែយកដីនោះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់បានហាមឃាត់តែប៉ុណ្ណោះ។ ឯកឧត្តមបានបន្ថែមថា៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន២ភូមិ នាពេលនេះជាការបិទផ្សាយលើកទី១៨ សម្រាប់ស្រុកកៀនស្វាយ និងជាលើកទី២៧៦សម្រាប់ខេត្តកណ្តាលទាំងមូល។ ឯកឧត្តមបានបន្តថា៖ក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមេដឹកនាំវ័យក្មេងប្រកបដោយថាមពលមានទេពកោសល្យ និងបន្តនាំមកឲ្យប្រទេសជាតិនូវការអភិវឌ្ឍរីកចំរើនឥតឈប់ឈរមានស្ថិរភាព មានសន្តិភាពពិតប្រាកដ និងធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្តមានជីវភាពរស់នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពជាដើម។ក្នុងន័យនេះយើងទាំងអស់គ្នាត្រូវប្តេជ្ញាធ្វើយ៉ាងណាថែរក្សាសន្តិភាពដែលរកមកបានដោយលំបាកនេះឱ្យនៅស្ថិតស្ថេរគង់វង្ស ទុកជូនកូនចៅរបស់យើងឱ្យបានយូរអង្វែងច្រើនជំនាន់ដើម្បីបន្តពង្រីកឱកាសអភិវឌ្ឍឲ្យកាន់តែប្រសើរឡើងជាលំដាប់នូវជីវភាពរស់នៅរបស់យើងទាំងអស់គ្នា។ តាមរបាយការណ៍របស់លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានអោយដឹងថា៖ ស្រុកកៀនស្វាយ បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន១៨លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន ០២ភូមិ គឺភូមិកោះតេជោ និងភូមិកោះតេជោ២ ឃុំគគីរធំ ស្រុកកៀនស្វាយ សរុបចំនួន ២,៥៣៧ ក្បាលដី។ លោកអនុប្រធានមន្ទីរក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានដីនៅក្នុងតំបន់ដែលបានធ្វើការបិទផ្សាយនាពេលនេះ សូមមេត្តាមកចូលរួមពិនិត្យទិន្នន័យឱ្យបានគ្រប់គ្នា ដែលមានរយៈពេល ១៥ថ្ងៃគិតចាប់ពី ថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ដោយមិនគិតពីថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាកឡើយ៕











