++++++++++ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ទឹម សាវឿន ទីប្រឹក្សាសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ កុមារ យុវជន មហាជនបុរស នារី និងក្រុមកម្មកររោងចក្រ ដណ្តើម ពានរង្វាន់សង្ក្រាន្ត យុវជនឃុំឈើទាល អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៥ ដែលស្ថិតនៅ ភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥នេះ។ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា កីឡាជាសកម្មភាពដែលផ្តល់មកនូវសុខភាពល្អ រាងកាយមាំមួន ព្រមទាំងបញ្ញាស្មារតីឈ្លាសវៃ។ បច្ចុប្បន្នសកម្មភាពកីឡាក្នុងខេត្តកណ្តាល កំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡាបាល់ទាត់មានសកម្មភាពផុសផលច្រើនជាងគេគួរឱ្យកត់សម្គាល់។ឯកឧត្តម អភិបាលរងខេត្តកណ្តាល បានបន្តទៀតថា ក្នុងការប្រកួតនេះ ក្រុមកីឡាករ កីឡាការិនីទាំងអស់ បានអនុវត្តតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត និងបានយកស្មារតីសាមគ្គីភាព មិត្តភាព មាន សីលធម៌ល្អ រវាងក្រុមមួយទៅក្រុមមួយទៀត ធ្វើឱ្យការប្រកួតនេះប្រព្រឹត្តទៅប្រកបដោយលទ្ធផល ល្អប្រសើរគួរជាទីមោទនៈ។ហើយចំពោះព្រឹត្តិការណ៍ប្រកួតបាល់ទាត់នាពេលនេះ មានក្រុមចូលរួមប្រកួតច្រើនប្រភេទ ក្នុងនោះមាន៖ ផ្នែកកុមារអាយុ ១៣ឆ្នាំ ផ្នែកយុវជនអាយុ ១៦ឆ្នាំ ផ្នែកនារី ផ្នែកមហាជនបុរស នឹងផ្នែកកម្មកររោងចក្រ ដែលយើងអាចឆ្លុះបញ្ចាំងឱ្យឃើញថាសកម្មភាពប្រកួត នេះ ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់កុមារ យុវជន យុវនារី និងបងប្អូនជាកម្មកររោងចក្រ បានបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួន និងបានបង្កើតនូវភាពសប្បាយរីករាយ ក្រោយពេលសម្រាកពីការសិក្សា និងប្រកបកិច្ចការងាររបស់ខ្លួន ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។ឯកឧត្តម ក៏បានកោតសរសើរ ចំពោះគណៈកម្មការរៀបចំការប្រកួត ដែលបានខិតខំដំណើការកម្មវិធីនេះ តាំងពីថ្ងៃចាប់ផ្តើម រហូតដល់ថ្ងៃបញ្ចប់ ប្រកបដោយជោគជ័យ និងសូមផ្តាំផ្ញើដល់ក្មួយៗ ប្អូនៗ កីឡាករ កីឡាការិនីទាំងអស់ត្រូវបន្តនាំគ្នាចូលរួម លេងកីឡាឱ្យបានច្រើន ដើម្បីសុខមាលភាព និងរួមចំណែកជម្រុញឱ្យ “ប្រជាពលរដ្ឋម្នាក់ លេងកីឡាឱ្យបានមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។សូមបញ្ជាក់ថា ៖លទ្ធផលការប្រកួតកីឡាបាល់ទាត់ កុមារ យុវជន មហាជនបុរស នារី និងក្រុមកម្មកររោងចក្រ ដណ្តើម ពានរង្វាន់សង្ក្រាន្ត យុវជនឃុំឈើទាល អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៥ មានដូចជា៖# ក្រុមកុមារអាយុ ១៣ឆ្នាំ-ចំណាត់ថ្នាក់លេខ១ ក្រុមកុមារស្រឡាញ់សន្តិភាព-ចំណាត់ថ្នាក់លេខ២ ក្រុមកុមារលោកតាដើមព្រីង# ក្រុមប្រកួតកីឡានារី-ចំណាត់ថ្នាក់លេខ១ ក្រុមនារី CFC ឃុំឈើទាល-ចំណាត់ថ្នាក់លេខ២ ក្រុមនារី លោកតាព្រីង# ក្រុមយុវជនអាយុ ១៦ឆ្នាំ-ចំណាត់ថា្នក់លេខ១ ក្រុមយុវជន បិសាចអភិជន-ចំណាត់ថ្នាក់លេខ២ ក្រុមយុវជន CFC ឃុំឈើទាល# ក្រុមមហាជនបុរស-ចំណាត់ថ្នាក់លេខ១ ក្រុមយុវជន ភូមិជំរុំ ឃុំឈើទាល-ចំណាត់ថ្នាក់លេខ២ ក្រុមយុវជន ធីមយើង# ក្រុមតាមបណ្តារោងចក្រ-ចំណាត់ថ្នាក់លេខ១ ក្រុមរោងចក្រអគ្គិសនីស្រុកកៀនស្វាយ-ចំណាត់ថ្នាក់លេខ២ ក្រុមបោកគក់ រោងចក្រ យីដា












