ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបើកវគ្គបណ្តុះបណ្តាលរំលឹកលើកឡើងវិញ ស្តីពីសៀវភៅណែនាំការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ ជូនដល់អាជ្ញាធរក្រុង-ស្រុក ទាំង១៣ ឃុំ-សង្កាត់ ប្រមាណជាង ៤០០ នាក់។ សូមបញ្ជាក់ថា ការរៀបចំចងក្រងសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់មានគោលបំណងប្រមូលផ្តុំនៅ ក្នុងឯកសារតែមួយនូវរាល់គោលការណ៍ បែបបទ និងនីតិវិធីទាំងអស់សម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់ប្រើប្រាស់ក្នុងការរៀបចំ និងការអនុវត្តគម្រោងរបស់ខ្លួនដែលប្រើប្រាស់មូលនិធិឃុំ-សង្កាត់ ផ្នែកអភិវឌ្ឍន៍មូលដ្ឋាន។គោលការណ៍ បែបបទ និងនីតិវិធីទាំងនេះក៏ត្រូវបានប្រើប្រាស់ផងដែរ ចំពោះគម្រោងនានាដែលឃុំ-សង្កាត់ ជាម្ចាស់គម្រោង ហើយថវិកានៃគម្រោងទាំងនេះត្រូវបាន ឆ្លុះបញ្ចាំងនៅក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ឃុំ សង្កាត់ គាំទ្រហិរញ្ញប្បទានពីទីភ្នាក់ងារនានា (ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជន) ហើយទីភ្នាក់ងារទាំងនោះបានព្រមព្រៀងប្រើប្រាស់សៀវភៅណែនាំនេះ។











