រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះចំនួន០២ គ្រួសារ ស្ថិតនៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

+++++++++++++++++ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចាត់ឱ្យលោកជំទាវ ស្រ៊ុន ស្រីនាង ហេរញ្ញិកគណៈកម្មាធិការសាខា ដឹកនាំក្រុមប្រតិបត្តិសាខា និងអនុសាខា ក្រុងតាខ្មៅ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះសម្បែងអស់ទាំងស្រុងចំនួន ២ខ្នង ស្មើនឹង ២គ្រួសារ ដែលក្នុងនោះ៖ ១គ្រួសារមានអាសយដ្ឋានភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ និង ១គ្រួសារទៀត នៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ ស្រ៊ុន ស្រីនាង បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងសេចក្តីអាណិតអាសូរជាទីបំផុត ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាជនរងគ្រោះទាំង ២គ្រួសារនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ លោកជំទាវក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះចំពោះករណីគ្រោះអគ្គិភ័យ ពិសេសរដូវនេះគឺជារដូវរំហើយខ្យល់ស្ងួត ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។ ជាមួយនឹងគ្នានេះដែរលោកជំទាវ បានលើកទឹកចិត្ត ដល់គ្រួសាររងគ្រោះ ទាំង២គ្រួសារ ដែលត្រូវបានភ្លើងឆាបឆេះផ្ទះសម្បែង មិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។ សូមបញ្ជាក់ជូនថា៖ ហេតុការណ៍គ្រោះអគ្គិភ័យនេះ ១ខ្នង បានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាស និង ១ខ្នងទៀតបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ លំនៅឋានទាំង២ខ្នង ត្រូវបានអគ្គិសភ័យឆាបឆេះអស់ទាំងស្រុង ប្រជាជនរងផលប៉ះពាល់សរុបចំនួន ២គ្រួសារ តែគ្រោះមហន្តរាយនេះ ពុំបានគ្រោះថ្នាក់បាត់បង់ដល់អាយុជីវិតមនុស្សឡើយ។ អំណោយសាខាបានចែកជូនជនរងគ្រោះ ដោយក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,កៅស៊ូតង់ ១ផ្ទាំង ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ទឹកសុទ្ធ ១កេស ,ត្រីខ ១យួរ ,ឃីតសម្ភារប្រើប្រាស់ ១កញ្ចប់ ,សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀល)៕

អត្ថបទទាក់ទង