+++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដឹកនាំប្រតិភូចុះសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅជួយឧបត្ថម្ភជូនដល់អង្គការវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនិងចរិតលក្ខណៈ ស្ថិតនៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។មានមតិសំណេះសំណាលក្នុងពិធីនេះ លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនលោក លោកស្រីថ្នាក់ដឹកនាំអង្គការ លោកគ្រូ អ្នកគ្រូ និងក្មួយៗទាំងអស់ដោយក្តីនឹករឭកក្រៃលែង ។ ជាមួយគ្នានេះលោកនាយកសាខាក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំអង្គការ សូមជួយមើលថែក្មួយៗទាំងអស់ឱ្យបានល្អ និងត្រូវប្រកាន់ខ្ជាប់នូវអនាម័យ៣ប្រការគឺ៖ ការហូបស្អាត ការផឹកស្អាតនិងការរស់នៅស្អាតជានិច្ច។ លោកនាយកសាខាក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់សូមកុំមានការរើសអើងគ្នា ដោយជំនួសមកវិញនូវការអាណិតអាសូរ និងចូលរួមជួយជ្រោមជ្រែងគាំទ្រដល់អង្គការតាមអ្វីដែលអាចធ្វើទៅបាន។ សូមបញ្ជាក់ជូនថា អង្គការវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈសព្វថ្ងៃមានក្មួយៗទីទាល់ក្រ និងកំព្រាដែលកំពុងស្នាក់នៅសរុបចំនួន ៣០នាក់ ស្រី១១នាក់ ដែលកំពុងស្នាក់នៅនិងរៀនសូត្រ ។ អំណោយមនុស្សធម៌ដែលសាខាបានផ្តល់ជូនដល់អង្គការវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ រួមមាន៖ អង្ករ ២តោន ,មី ១០កេស ,ទឹកសុទ្ធ ១០កេស ,ទឹកត្រី ១០យួរ ,ទឹកសុីអុីវ ១០យួរ ,ទឹកផ្លែឈើ ១០កេស និងថវិកាចំនួន ២លានរៀល។







