++++++++++ខេត្តកណ្តាល៖ ឯកឧត្តម ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល រួមទាំងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្តាលអាណត្តិទី៤ លើកទី១ នៅបរិវេណ វត្តស៊ីធរ ស្ថិតក្នុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយបានទទួលសំណើ/សំណូមពរជាលិខិតចំនួន ៤៦ ស្មើនឹង ៤៨ សំណើ/សំណូមពរ, ផ្ទាល់មាត់ចំនួន ៣ ស្មើនឹង ៥ សំណើ/សំណូមពរ។ ក្នុងឱកាសនោះ ឯកឧត្តម ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាលបានមានប្រសាសន៍ថា៖ ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ លើកទី១ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណ:អភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណ:អភិបាលក្រុងស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។ក្នុងនោះសំណើសំណូមពរ បញ្ហាទាំងនោះរួមមាន៖បញ្ហាភូមិឃុំមានសុវត្ថិភាព បញ្ហាគ្រឿងញៀនក្នុងមូលដ្ឋាន ស្នើសុំផ្លូវបេតុង ស្នើសុំស្តារប្រឡាយទឹក ស្នើសុំអំពូលសូឡាក្នុងឃុំស៊ីធរ និងស្នើជួយដោះស្រាយទំនាស់ដីធ្លីជាដើម។ ក្នុងឱកាសនោះឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានានៅក្នុងវេទិកានេះឲ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះមកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាពនឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា ។ វេទិកានាពេលនេះ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសកម្មក្នុងការលើកឡើងជាសំណួរ ក្ដីកង្វល់ សំណើ សំណូមពរ និងបានឆ្លើយតប និងបកស្រាយបំភ្លឺនូវសំណួរ និងសំណូមពរបានមួយចំនួន សំណួរ និងសំណូមពរដែលនៅសេសសល់ និងត្រូវបានយកទៅពិភាក្សាដោះស្រាយនៅពេលក្រោយតាមប្រភេទរដ្ឋបាលនីមួយៗ៕