រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទបូកសរុបលទ្ធផលការងារ ចុះតាមដានត្រួតពិនិត្យ និងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីបិទបូកសរុបលទ្ធផលការងារ ចុះតាមដានត្រួតពិនិត្យ និងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងខេត្តកណ្ដាល ដោយមានការចូលរួមពីអាជ្ញាធរក្រុម-ស្រុកទាំង១៣ និងកងកម្លាំងមានសមត្ថកិច្ចប្រមាណ ៣០០នាក់។ថ្លែងក្នុងពិធីនេះ ឯកឧត្តម ឌឹម បូរ៉ា បានកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកណ្តាល ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន គួរជាទីមោទនៈ ជាពិសេសលទ្ធផលប្រឡងប្រណាំងឆ្នាំ២០២៣ លើការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្នុងនោះ ប្រភេទលេខ១ មាន ១១៣ ឃុំ-សង្កាត់ និងប្រភេទលេខ២ មាន ១៤ ឃុំ-សង្កាត់។ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មរបស់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់នេះហើយ ទើបធ្វើ ឱ្យខេត្តកណ្ដាល មានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈល្អ និងរក្សាបាននូវភាពសុខដុមរមនាជូនប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរផ្សេងៗប្រចាំថ្ងៃ ជួយជំរុញដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន។ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ផ្ដាំផ្ញើដល់មន្ត្រីនគរបាលទាំងអស់ ត្រូវគោរពបទបញ្ជា គោរវិន័យរបស់កងកម្លាំង ហើយត្រូវបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ម៉ឺងម៉ាត់ តែទន់ភ្លន់។ លើសពីនេះ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង, មានស្មារតីទទួលខុសត្រូវខ្ពស់ ត្រូវតែមានការសហការធ្វើការជាក្រុម ដើម្បីឱ្យកិច្ចប្រតិបត្តិការទទួលបានជោគជ័យ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានជំរុញឱ្យមន្ដ្រីនគរបាលទាំងអស់ ត្រូវបន្ដចូលរួមទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ដោយអនុវត្ដ «៣កុំ ១រាយការណ៍» និងត្រូវអប់រំ ផ្សព្វផ្សាយដល់ក្រុមគ្រួសារ បងប្អូនញាតិមិត្ត អំពីគ្រោះថ្នាក់ និងផលប៉ះពាល់ធ្ងន់ធ្ងរនៃគ្រឿងញៀន ហើយត្រូវធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកជាដើម។សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តមានប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបចំនួន ១២៧ ប៉ុស្តិ៍ ចែកចេញជា ២ប្រភេទ ដោយប្រភេទ១ មានកម្លាំងចាប់ពី ៨ដល់ ១២នាក់ ឥឡូវមានចំនួន ១២៣ប៉ុស្តិ៍ និងប្រភេទ២ មានកម្លាំងចាប់ពី ១៣ដល់ ១៨នាក់ ឥឡូវមានចំនួន ៤ប៉ុស្តិ៍។

អត្ថបទទាក់ទង