រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបការងារសហប្រតិបត្តិការប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្ត ៦ ខែដើមឆ្នាំ ២០២៤ រវាងខេត្តកណ្តាល និង ខេត្តអានយ៉ាង

ខេត្តកណ្ដាល៖ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យបានកាន់តែសម្រេចបានលទ្ធផលល្អប្រសើរបន្ថែមទៀត ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំ យូរអង្វែង រវាងខេត្តកណ្ដាល ព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពគ្នាបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាការពារសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ របៀបរៀបរយតាមតំបន់ព្រំដែន សំដៅថែរក្សាតំបន់ព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការលើគ្រប់វិស័យ។ ការឯកភាពគ្នានេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារសហប្រតិបត្តិការប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្ត ៦ ខែដើមឆ្នាំ ២០២៤ រវាងខេត្តកណ្តាល និង ខេត្តអានយ៉ាង ក្រោមអធិបតីភាព ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងឡុងសៀន ខេត្តអានយ៉ាង ប្រទេសវៀតណាម។ ក្នុងកិច្ចប្រជុំនេះដែរ ភាគីខេត្តទាំង២ បានឯកភាពគ្នាបង្កើនការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន, ក្រុមឧក្រិដ្ឋជនមានអង្គការចាត់តាំង, អំពើជួញដូរមនុស្ស, រត់ពន្ធមនុស្ស, ជួញដូរគ្រឿងញៀន, ការរត់ពន្ធ និងជួញដូរអាវុធខុសច្បាប់ ជាដើម ព្រមទាំងបង្កើនការងារជំរុញ សម្របសម្រួល និងគ្រប់គ្រងសកម្មភាពធ្វើដំណើរ ការដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាជន និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងខេត្តកណ្តាល និងខេត្តអានយ៉ាង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ផែនការ និងវិនិយោគ ទេសចរណ៍ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន វប្បធម៌ អប់រំ បណ្តុះបណ្តាល សុខាភិបាល ដឹកជញ្ជូន រៀបចំដែនដីនិងនគរូបនីយកម្ម ការងាររណសិរ្សនិងអង្គការមហាជន សមាគមនារី ការធ្វើទំនាក់ទំនងផ្លាស់ប្តូរគណៈប្រតិភូសួរសុខទុក្ខ និងទស្សនកិច្ចគ្នាទៅវិញទៅមក រវាងខេត្តទាំងពីរ។ ខេត្តទាំង២ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តសម្រាប់៦ខែដើមឆ្នាំ២០២៤ រវាងរដ្ឋបាលខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអនុវត្តបានយ៉ាងល្អប្រសើរ។ ក្នុងកិច្ចប្រជុំនេះដែរឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានស្នើដល់អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចនៅតាមបណ្តោយ ព្រំដែនខេត្តទាំងពីរ ឱ្យបង្កើនការប្រាស្រ័យទាក់ទងជាប់ជាប្រចាំ ឱ្យបានទៀងទាត់ និងត្រូវរៀបចំឱ្យមាន ជនបង្គោលទំនាក់ទំនង ដើម្បីផ្លាស់ប្តូរព័ត៌មាននិងទំនាក់ទំនងគ្នាដោះស្រាយបញ្ហាប្រឈម នៅក្នុង ពេលអនុវត្តជាក់ស្តែង ឱ្យកាន់តែទទួលបានផ្លែផ្កាបន្ថែមទៀត។

អត្ថបទទាក់ទង