រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំគណៈកម្មាធិការប្រតិ្ត និងក្រុមប្រឹក្សាសមាគមលើកទី៥ អាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល

++++++++++ ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំសង្កាត់ ខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល លើកទី០៥ អាណត្តិទី០៣ ក្រោមអធិបតីភាព ឯកឧត្តម ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅសាលប្រជុំសាលាខេត្តកណ្ដាល។ បន្ទាប់ពីលោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកណ្តាល បានអានរបាយការណ៍លទ្ធផលការងាររបស់សមាគមនក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់រួចមក ឯកឧត្តម ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល បានមានប្រសាសន៍ថា៖កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិសមាគម ដើម្បី បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកណ្តាល នាឱកាសនេះ គឺជាសក្ខីភាព ដែលឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងត្រឹមត្រូវនូវលក្ខន្តិកៈរបស់សមាគមដែលជា “នីតិបុគ្គល” តំណាងឱ្យសម្លេង និងជាអ្នកការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ ទាំងអស់ក្នុងខេត្តកណ្តាល ព្រមទាំងជាអ្នកអភិវឌ្ឍសមត្ថភាព និង បង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ដែលនឹងរួមចំណែកលើកកម្ពស់ គុណភាពនៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ច តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។

ឯកឧត្តមបន្តថា៖នៅពេលយើងមានក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០០២ ដែលកើតឡើងពីការបោះឆ្នោតដោយផ្ទាល់របស់ប្រជាពលរដ្ឋ ស្វ័យភាព បញ្ហាសមត្ថភាព និងគណនេយ្យភាពរបស់ក្រុមប្រឹក្សាគឺជាអាទិភាពចម្បងមួយដែល ក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួង ស្ថាប័នដទៃទៀត បានយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ បំពេញតួនាទី ភារកិច្ចប្រកបសមត្ថភាព មានស្វ័យភាព និងមានគណនេយ្យភាពខ្ពស់ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត ជាធរមាន។ ឯកឧត្តមបន្ថែមថា៖គោលបំណងនៃការបង្កើតសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺបង្កើតជានីតិបុគ្គលធ្វើជាតំណាងឱ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងអស់ ដែលជាសមាជិករបស់ខ្លួន សំដៅការពារផលប្រយោជន៍រួមរបស់សមាជិក តាមរយៈការចូលរួមក្នុងដំណើរការតស៊ូមតិ ការពិភាក្សា ពិគ្រោះយោបល់លើការរៀប ចំគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធផ្សេងៗរបស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ។ក្នុងន័យនេះ ក្រុមប្រឹក្សាខេត្តកណ្តាល តំណាងឱ្យរដ្ឋបាលខេត្ត ទទួលស្គាល់ និងតែងតែគាំទ្រជានិច្ចនូវការបំពេញ បេសកកម្មរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកណ្តាល ក្នុងការកសាង សមត្ថភាពក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីក្លាយជាស្ថាប័នតំណាងពិត ប្រាកដរបស់ពលរដ្ឋ និងឆ្លើយតបចំពោះសេចក្តីត្រូវការនានារបស់ប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាព។

ឯកឧត្តម ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្តបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងអនុវត្តការងាររបស់ថ្នាក់ដឹកនាំសមាគម ដោយនាំមកនូវសមិទ្ធផលចំបងៗ ជូនដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ស្របគោលបំណង និងទិសដៅ របស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់។ មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ បានមានប្រសាសន៍ថា៖កិច្ចប្រជុំនាពេលនេះ ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ និងគណៈកម្មាធិការប្រតិបត្តិ និងបានជជែកគ្នា ដើម្បីឲ្យសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់នៅមូលដ្ឋានបានយល់ជ្រាបកាន់តែច្បាស់អំពីតួនាទីភារកិច្ច និងយល់ដឹងថាតើត្រូវអនុវត្តរួមគ្នាលើកិច្ចការងារអ្វីខ្លះ ឲ្យស្របទៅនឹងបរិបថនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្តថា៖បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយកម្មវិធីជាតិអភិវឌ្ឍន៍តាមបបែបលទ្ធិប្រជាធិបតេយ្យដំណាក់កាលទី២ ដូចនេះគឺសមាគមមានតួនាទីត្រូវតែអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យមានភាពល្អប្រសើរ ដើម្បីឲ្យសមាគមក្លាយជាដៃគូដ៏មានភាពជឿជាក់ជាមួយរាជរដ្ឋាភិបាល ។ ឯកឧត្តមបានស្នើដល់សមាជិក សមាជិកា សូមយកចិត្តទុកដាក់ស្តាប់ និងចូលរួមពិភាក្សា អនុម័ត ក្នុងបំណងបង្កើនការយល់ដឹង ឱ្យកាន់តែស៊ីជម្រៅ អំពីតួនាទី ភារកិច្ច ឋានៈ អភិវឌ្ឍសមត្ថភាព ការពារផលប្រយោជន៍ គុណប្រយោជន៍ ពង្រឹងនីតិរដ្ឋស្របច្បាប់ ជម្រុញលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ដែលជាដៃគូររបស់រាជរដ្ឋាភិបាល នៅក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា៕

អត្ថបទទាក់ទង