រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម នេត្រ ភក្ត្រា គូសបញ្ជាក់ថា សមាគមសារព័ត៌មាន នៅតែដើរតូនាទីសំខាន់ក្នុងការសហការជាមួយក្រសួងព័ត៌មាន ដើម្បីតម្រង់ទិសអ្នកសារព័ត៌មានឱ្យអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ

-----------ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា សមាគមសារព័ត៌មាន នៅតែដើរតូនាទីសំខាន់ក្នុងការសហការជាមួយក្រសួងព័ត៌មាន ដើម្បីតម្រង់ទិសអ្នកសារព័ត៌មានឱ្យអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ ហើយសមាគមក៏បានចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាឱ្យមានការរីកចម្រើនទៅមុខទៀត។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (CCJA) ដឹកនាំ ដោយលោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន។ឯកឧត្ដម នេត្រ ភក្រ្ដា ក្រសួងព័ត៌មាន និងសមាគមសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានគឺជាតូអង្គរួមគ្នា ទោះបីនៅផ្សេងគ្នាក៏ដោយ ក៏ប៉ុន្តែក្នុងក្របខណ្ឌទិសដៅរួមតែមួយធ្វើយ៉ាងណាផ្តល់ព័ត៌មានជូនដល់សាធារណជនប្រកបដោយខ្លឹមសារ គុណភាព និងការទទួលខុសត្រូវ។លោក សយ សុភាព បានបញ្ជាក់ជូនថា ការចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន នាឱកាសនេះគឺដើម្បីគោរពស្នើសុំអនុសាសន៍បន្ថែមពី ឯកឧត្តមរដ្ឋមន្រ្ដី ដើម្បីចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនិងឱកាសវិនិយោគចិននៅកម្ពុជា ។លោក សយ សុភាព បានជម្រាបជូនថា កន្លងមកនេះ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ក៏បានអញ្ជើញឯកឧត្តម ផុស សុវណ្ណ អគ្គនាយកព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន និង ឯកឧត្តមបណ្ឌិត គី សិរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើវេទិកាពិភាក្សាម្ដង រួចមកហើយលើប្រធានបទ “រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងប្រទេសកម្ពុជា”។ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា នៅដើមអាណត្តិទី៧ រយៈពេល ៦ខែកន្លងមកនេះ ក្រសួង ព័ត៌មាន បានដាក់ចេញនូវការងារជាច្រើនជាការដ្ឋានកំណែទម្រង់វិស័យព័ត៌មាន និងសោតទស្សន៍ ដោយផ្ដោតជាសំខាន់ គឺការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយ ទៅជា ស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាគឺផ្សព្វផ្សាយពី ការពិតរបស់កម្ពុជាទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ជាចក្ខុវិស័យ គឺធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មាន ឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល មួយដែលប្រកបដោយ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព។ទាក់ទងនឹងកិច្ចការងារទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឯកឧត្តម នេត្រ ភក្រ្ដា បានថ្លែងបញ្ជាក់ថា ក្រសួងព័ត៌មានបានបង្កើតគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន ។ ដូច្នេះ ស្ថាប័នសារព័ត៌មានទាំងអស់ សូមបន្តរួមគ្នាការពារសណ្តាប់ធ្នាប់ស្ថាប័នសារព័ត៌មាន និងសន្តិសុខព័ត៌មាន ដើម្បីរក្សាឱ្យបាននូវសន្តិភាព និងស្ថិរភាពកម្ពុជា ដោយត្រូវផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយគុណភាព ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវសារព័ត៌មាន ។ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងផងដែរថា ក្រសួងព័ត៌មានបានធ្វើកិច្ចការងារជាច្រើនជាផលប្រយោជន៍ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍រួមទាំងកិច្ចការងារការពារសិទ្ធិរបស់អ្នកសារព័ត៌មានដើម្បីប្រកបវិជ្ជាជីវៈបានត្រឹមត្រូវ មានក្រមសីលធម៌ វិជ្ជាជីវៈល្អ ដោយក្នុងនោះដែរ ក្រសួងព័ត៌មានបានបើកដំណើរការឡើងវិញមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ របស់ក្រសួងព័ត៌មាន ដែលបានដើរតូនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។ ឯកឧត្តមបានបន្ថែមថា ក្រៅពីការគិតគូរនិងផ្តល់កិច្ចគាំពារដល់មន្ត្រីក្រសួងព័ត៌មាន ក៏បានគិតគូរដល់បងប្អូនអ្នកសារព័ត៌មាន និងក្រុមគ្រួសារតាមរយៈកិច្ចគាំពារសុខុមាលភាព និងកាត់បន្ថយការចំណាយ ដោយក្រសួងបានចុះអនុស្សរណៈនៃការយោគយល់ជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក យល់ព្រមធ្វើការផ្តល់នូវការបញ្ចុះតម្លៃពិសេសទៅលើថ្លៃសេវាកម្មពិនិត្យសុខភាព៣០ % ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមទៀតថា ជាជំហ៊ានបន្តទៅមុខទៀត បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន ហើយមានភ្ជាប់ QR code ថែមទៀតផងដែរ ដើម្បីបញ្ជាក់ភាពច្បាស់លាស់របស់អ្នកសារព័ត៌មាន ។ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្រ្ដា បានជំរុញដល់ប្រធានសមាគមសារព័ត៌មានទាំងអស់ត្រូវគិតគូរដល់សមាជិក សមាជិការបស់ខ្លួន ដើម្បីចុះបញ្ជីធ្វើបណ្ណ ប.ស.ស បេឡាជាតិសន្តិសុខសង្គម ដែលទទួលបានអត្ថប្រយោជន៍ច្រើនផ្នែកសុខភាព ៕

អត្ថបទទាក់ទង