រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសំណេះសំណាលជាមួយយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ

+++++++ខេត្តកណ្ដាល៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាមធ្យោបាយជួយឱ្យយុវជនអាចចាប់យក ឱកាសការងារបានឆាប់រហ័ស និងជំរុញការចូលរួមចំណែករបស់យុវជនបានកាន់តែទូលំទូលាយក្នុង ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ។

ឯកឧត្តម ហេង សួរ បានបញ្ជាក់ដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពី ឯកឧត្ដម នូវប៉េង ច័ន្ទ តារា អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងយុវជនជាសិស្សានុសិស្សជាង ៤០០នាក់ ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធីបណ្ដុះបណ្ដាលនេះគឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ អាចចាកចេញពីស្ថានភាពក្រីក្រលំបាកយ៉ាងឆាប់រហ័ស តាមរយៈការបណ្តុះបណ្តាលកម្រិតជាតិនេះ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនឹងក្លាយជាកម្មករជំនាញ អ្នកបច្ចេកទេស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ចាក់ថា ចំពោះការចូលរៀន សិស្សត្រូវមានអាយុចាប់ពី ១៥ឆ្នាំឡើង ហើយសម្រាប់សិស្សដែល​មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានបណ្ណ​សមធម៌ ឬ​បណ្ណ​សម្គាល់​គ្រួសារ​ងាយ​រង​ហានិភ័យ គឺទទួលបានការសិក្សាដោយមិនបង់ថ្លៃ ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលផងដែរ។

ក្នុងពិធីនេះដែរ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តបានមានប្រសាសន៍ថា បច្ចុប្បន្ននៅក្នុងខេត្តកណ្តាល មានសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅក្នុងប្រព័ន្ធ តាមរយៈវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងតាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តកណ្តាល មានចំនួន ៩៤៥នាក់ ស្រី២៤៤នាក់ ក្នុងនោះសិស្សក្រីក្រ មានចំនួន ១៤៧នាក់ ស្រី៤៤នាក់ និងសិស្សធម្មតាមានចំនួន ៧៩៨នាក់ ស្រី ២០០នាក់។ ទន្ទឹមនេះ រដ្ឋបាលខេត្ត ក៏បានណែនាំ ជម្រុញឱ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយឲ្យបានដល់គ្រប់គោលដៅ និងតាមខ្នងផ្ទះយុវជនដែលស្ថិតក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បានជ្រាបជាព័ត៌មាន ដើម្បីមកចុះឈ្មោះ ចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ដែលមានមុខជំនាញចំនួន ៥ គឺ ៖ ១/ការដំឡើងអគ្គិសនីក្នុងអាគារពី ២/សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ៣/ សេវាកម្មកុំព្យូទ័រ ៤/ការថែទាំ និងជួសជុលអគ្គិសនីរថយន្តនិង ៥/ ការកែច្នៃបន្លែផ្លែឈើ។

អត្ថបទទាក់ទង