ខេត្តកណ្ដាល៖ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងអធិការកិច្ច និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការចុះធ្វើអធិការកិច្ចលើការអនុវត្តតួនាទីភារកិច្ច ការគ្រប់គ្រងការផ្តល់សេវា សាធារណៈ ការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធ ក្នុងការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្ត ពន្ធនាគារខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរជុំវិញខេត្តពាក់ព័ន្ធ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា ការចុះធ្វើអធិការកិច្ចនៅរដ្ឋបាលខេត្តកណ្ដាលនាពេលនេះ គឺដើម្បីស្វែងរកអោយឃើញនូចំនុចខ្វះខាតមួយចំនួន ក្នុងការអនុវត្តការងារនាពេលកន្លងមក ដើម្បីរួមគ្នាធ្វើការកែលម្អឲ្យការងារនោះប្រព្រឹត្តទៅកាន់តែល្អប្រសើរឡើង ទទួលបានលទ្ធផលជាវិជ្ជមានស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល។ជាការឆ្លើយតប ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល ថ្លែងនូវការគាំទ្រ និងផ្តល់សហការយ៉ាងពេញទំហឹងជាមួយគណៈប្រតិភូនៃក្រុមការងារចុះធ្វើអធិការកិច្ចរបស់ក្រសួង ដោយឯកឧត្តមបានលើកឡើងថា ជាធម្មតានៅក្នុងស្ថាប័ន ឬ តាមផ្នែកជំនាញនីមួយៗតែងតែមានកំហុសជៀសមិនផុតឡើយនៅក្នុងការអនុវត្តការងាររបស់ខ្លួន។សូមបញ្ជាក់ថា ការចុះធ្វើអធិការកិច្ចនេះ នឹងបញ្ចាប់នៅថ្ងៃទី៣០ ខែមករា ដោយផ្ដោតសំខាន់ ទៅលើការអនុវត្តតួនាទីភារកិច្ច ការគ្រប់គ្រងការផ្តល់សេវា សាធារណៈ ការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធ ក្នុងការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្ត ពន្ធនាគារ ខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរជុំវិញខេត្តពាក់ព័ន្ធផងដែរ។
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/2-10-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/1-12-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/9-3.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/3-8-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/4-7.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/5-6.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/6-6.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/7-4.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/8-4.jpg)