រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វគ្គបំពាក់បំប៉នស្តីពីការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានរៀបចំពិធីបើកវគ្គបំពាក់បំប៉ន ស្តីពីការងារចុះបញ្ជីដីធ្លី ជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ក្នុងខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដី និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ផេងអភិបាលរងខេត្ត បានបញ្ជាក់ថា៖ ពិធីបើកវគ្គបំពាក់បំប៉ន ស្តីពីការងារចុះបញ្ជីដីធ្លី ជូនដល់ក្រុមចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅខេត្តកណ្តាល នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ពន្លឿនដល់ការចុះបញ្ជីដីធ្លីជាលក្ខណះប្រព័ន្ធ និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ បានឆាប់រហ័ស។ ទន្ទឹមនឹងនេះ ក្នុងនាមរដ្ឋបាលខេត្តកណ្តាល ឯកឧត្តមសូមសំដែងនូវការអបអរសាទរ ចំពោះការរៀបចំឱ្យមានការបើកវគ្គបំប៉នបន្ថែមពីការងារបច្ចេកទេស និងច្បាប់ពាក់ព័ន្ធនានា ជូនដល់មន្ត្រី មន្ត្រីកិច្ចសន្យា អ្នកស្ម័គ្រចិត្ត អំពីតួនាទីភារកិច្ច ក្នុងការចុះបញ្ជីដីធ្លីក្នុងស្រុកល្វាឯម ស្រុកអង្គស្នួល ស្រុកខ្សាច់កណ្តាល ស្រុកកោះធំ ស្រុកកៀនស្វាយ ស្រុកលើកដែក និងក្រុងសំពៅពូន ដើម្បីអនុវត្តលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឱ្យមានប្រសិទ្ធភាព និងដើម្បីជម្រុញការចុះបញ្ជីឱ្យបានតាមផែនការ ដែលក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្ដាលបានដាក់ចេញ ។ ឯកឧត្តមបន្តថា៖យើងនិងបន្តអនុវត្តការងារនេះបន្តទៀតតាមផែនការ ដែលបានគ្រោងទុកឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ ប្រមូលក្បាលដី, វាស់វែងក្បាលដី ឈានដល់ការចេញប័ណ្ណបន្តបន្ទាប់ទៀត រហូតដល់ចប់ការចុះបញ្ជីទូទាំងខេត្ត។ ហើយឯកឧត្តមសង្ឃឹមថា ក្រោយពីបានទទួលវគ្គបណ្តុះបណ្ដាលហើយ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះ និងជំនាញ ដែលជាស្ពានមួយឈានទៅកំណត់វិនិច្ឆ័យលើសិទ្ធិផ្សេងៗ ជាអាវក្រោះការពារខ្លួន រាល់ការឆ្លើយតបទៅបងប្អូនប្រជាពលរដ្ឋ និងសង្គមស៊ីវិល។ល។ ឯកឧត្តម បន្ថែមថា៖ វគ្គបណ្តុះបណ្ដាលនេះ អាចដំណើរការទៅបានដោយសារមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់គ្រូឧទ្ទេស ដែលមានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ល្អៗ ដើម្បីចែករំលែកជូនដល់សិក្ខាកាមទាំងអស់ ដើម្បីជំរុញការបញ្ជីដីធ្លីនៅក្នុងខេត្តកណ្តាល ឱ្យចប់តាមផែនការដែលបានដាក់ចេញ។ ឯកឧត្តម ក៏បានជំរុញដល់ក្រុមចុះបញ្ជីដីធ្លីទាំង៧ក្រុង/ស្រុក ត្រូវបន្តខិតខំអនុវត្តការងារ និងផ្តល់កិច្ចសហការ ដើម្បីវាស់វែងចេញប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ពិសេសប័ណ្ណដែលនៅសេសសល់ ត្រូវពន្លឿនដើម្បីចែកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ នាឱកាសនោះដែរ ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគររូបនីយកម្មសំណង់ បានមានប្រសាសន៍ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារយកអស់កម្លាំងកាយចិត្តរបស់មន្ត្រី នៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដែលបានបំពេញការងារ ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមកនេះទោះបីជួបនូវឧបសគ្គយ៉ាងណាក៏ដោយ។ ឯកឧត្តម បានបន្ថែមទៀតថា៖ ការបើកវគ្គបំពាក់បំប៉ននេះគឺក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្ត្រីនៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ឲ្យគាត់ទទួលបាននូវចំណេះ ជំនាញថ្មីៗ បន្ថែមទៀត សម្រាប់បំពេញបន្ថែម ចំពោះការងាររបស់ខ្លួន ដែលបានអនុវត្តកន្លងមក ឱ្យមានប្រសិទ្ធភាព និងដំណើរការបានទៅដោយរលូន និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានស្នើដល់មន្ត្រីទាំងអស់ត្រូវសួរនៅចំណុចដែលខ្លួនមិនច្បាស់ត្រង់ចំណុចណាមួយទៅលោកគ្រូដែល បង្ហាញនៅនីតិវិធីមួយចំនួននោះ ដើម្បីអោយគាត់បកស្រាយជូនដើម្បីទុកជាមូលដ្ឋានសម្រាប់ធ្វើការងារ នេះទទួលបានប្រសិទ្ធភាពខ្ពស់ដើម្បីធ្វើយ៉ាងណាបំពេញតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននោះឲ្យកាន់តែប្រសើរឡើង​ទ្វេដងបន្ថែមទៀតដើម្បីបញ្ចប់ ការវាស់វែងដីធ្លីនេះជូនគាត់បានលឿននិងឆាប់ចប់នៅ​ពេលខាងមុខនេះ។ បើតាមរបាយការណ៍របស់លោក សុក កាន់រិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានបញ្ជាក់ថា៖ ខេត្តកណ្តាលមានក្រុងចំនួន០៣ ស្រុកចំនួន ១០ ឃុំ/ សង្កាត់ ចំនួន១២៧ និងមាន ភូមិចំនួន១,០១០ មានផ្ទៃដីសរុប ចំនួន ៣២៥,៤៩៣.៦៥៣ ហិកតា ដោយឡែកក្នុងឆ្នាំ២០២៣ បានប្រកាសតំបន់វិនិច្ឆ័យគ្រប់ភូមិទូទាំងខេត្ត ជាលទ្ធផលៈ-វាស់វែងបាន១០៣,៦៧៣ ក្បាលដី-បញ្ចូលទិន្នន័យបាន៧៣,៦៣៤ ក្បាលដី-បិទផ្សាយបាន៥០,៥៤៨ ក្បាលដី-សម្រេចចេញប័ណ្ណបាន៣១, ៩៦០ ក្បាលដី-ចេញប័ណ្ណបាន៦១,៧៥៥ ប័ណ្ណបានអនុវត្តនីតិវិធីបណ្ណកម្មសិទ្ធិអំណោយពីរដ្ឋ អំណោយផ្តាច់ និងពន្ធសូន្យជំហ៊ានទី១ និងជំហ៊ានទី២ សរុបបានចំនួន ៣១,៥៦៧ក្បាលដី។ ប្រគល់ជូនដល់ដៃប្រជាពលរដ្ឋ បានចំនួន ២៥,៨៥៦ក្បាលដី និងបានកំពុងបន្តអនុវត្តជាជំហ៊ានៗបន្តទៀត៕

អត្ថបទទាក់ទង