រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការអនុវត្តគោល នយោបាយ”ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”នៅក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល ទៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការអនុវត្តគោល នយោបាយ"ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព"នៅក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល ក្រោមអធិបតី ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការចូលរួមផងដែរពី អាជ្ញាធរក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានបញ្ចាក់ថា ឆ្លងតាមការពិនិត្យវាយតម្លៃអំពីសភាពការណ៍ កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើស និងលទ្ធផលចាត់តាំង អនុវត្តគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព នៅទូទាំងខេត្ត ក្រុមប្រឹក្សាប្រឡងប្រណាំង បានកំណត់ចំណាត់ថ្នាក់ទាំង១២៧ ឃុំ-សង្កាត់ ដែលជាលទ្ធផលចំណាត់ថ្នាក់ប្រភេទ១ មាន ១១៣ឃុំ-សង្កាត់ ប្រភេទ២ មាន ១៤ឃុំ-សង្កាត ប្រភេទ ៣មិនមាន ហើយនៅទូទាំងខេត្តពុំមានប៉ុស្តិ៍នគរបាលរដ្ឋបាលណាគ្មានចំណាត់ថ្នាក់ឡើយ។ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖ ក្នុងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌមានការកើនឡើង៧២ករណី ក៏ប៉ុន្តែទោះបីជាបទល្មើសមានការកើនឡើងក៏ពិតមែន តែលទ្ធផលនៃការបង្ក្រាប ទទួលបានខ្ពស់គឺ ២២៣/២៤២ករណី ស្មើនឹង ៩២%។ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តដែល បានខិតខំធ្វើឱ្យការងារប្រឡងប្រណាំងឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តទទួលបានលទ្ធផលគួរជាទីមោទនៈ ។ ទន្ទឹមនិងនេះ ឯកឧត្តមបាន ជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង។ ជាពិសេស ការចូលរួមក្នុងការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ឯកឧត្តមបានក៏ជំរុញដល់ រដ្ឋបាលខេត្តត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់ឱ្យបាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុកក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្សីរួមគ្នាដោះស្រាយ ត្រូវធ្វើផែនការច្បាស់លាស់ ពង្រឹងចលនាប្រជាការពារ និងបន្តជំរុញចលនាប្រឡងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យកាន់តែប្រសើរឡើងថែមទៀត។

អត្ថបទទាក់ទង