រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ នៅភូមិសេរីសុខា ភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល លោក ព្រំ ឆាត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីនៅភូមិសេរីសុខា និងភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល អញ្ជើញមកពិនិត្យទិន្នន័យក្បាលដីរបស់ខ្លួន ដើម្បីធ្វើការផ្ទៀងផ្ទាត់ កែតម្រូវ ឬតវ៉ា ក្នុងករណីមានការខុសឈ្មោះ អក្ខរាវិរុទ្ធ ខុសព្រំដី ខុសទំហំដី ឬតវ៉ាលើករណីផ្សេងៗទៀត ក្នុងរយះពេល១៥ថ្ងៃ គិតចាប់ពថ្ងៃបិទផ្សាយនេះតទៅ នៅវត្តដំណាក់អំពិល ក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកអនុប្រធានមន្ទីរ បានអញ្ជើញបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ នៅភូមិសេរីសុខា ភូមិត្រពាំងត្រាច ចំនួន៩៦៧ក្បាលដី ក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានការចូលរួមពីលោក នូ សូវណ្ណារិទ្ធ អភិបាលរងស្រុកអង្គស្នួល មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរឃុំដំណាក់អំពិល និងប្រជាពលរដ្ឋជាច្រើននាក់។ លោក ព្រំ ឆាត អនុប្រធានមន្ទីរ បន្តថា៖ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានដីនៅក្នុងភូមិទាំង២ខាងលើ ដែលបានចុះបញ្ជីដីធ្លីមានជាលក្ខណៈជាប្រព័ន្ធ សូមមេត្តាមក ពិនិត្យ ផ្ទៀងផ្ទាត់ កែតម្រូវ ឬតវ៉ាតាមប្រការណាមួយដែលមិនសមស្របលើទិន្នន័យដែលបានបិទផ្សាយនេះរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ដោយគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅប្រចាំ ការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្ដឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ តាមការព្រមព្រៀង។ បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល ១៥ថ្ងៃ ឮហើយ យើងនឹងទទួលបាននូវទិន្នន័យត្រឹមត្រូវសម្រាប់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ។ លោក នូ សូវណ្ណារិទ្ធ អភិបាលរងស្រុកអង្គស្នួល បានមានប្រសាសន៍ថា៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រហូតឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។

អត្ថបទទាក់ទង