រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រតិភូ នៃសាធារណ:កូរ៉េខាងត្បូង ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយអភិបាលខេត្តកណ្តាល ស្វែងយល់ពីសក្ដានុពល ដើម្បីវិនិយោគ​ក្នុងខេត្ត

++++++++++ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ​​ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងប្រតិភូ សាធារណ:កូរ៉េខាងត្បូង ដឹកនាំដោយ លោក អាន ស៉ឹងដេ (Anh Seungdae) អគ្គនាយក នៃការិយាល័យគោលនយោបាយ រដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណ:កូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី២២ ខែ​ធ្នូ ​ឆ្នាំ​២០២៣ នៅសាលប្រជុំសាលាខេត្តកណ្តាល ដើម្បី​ពង្រឹងចំណងមិត្តភាព និងស្វែងយល់ពីសក្ដានុពលវិនិយោគ នៅក្នុងទឹកដីខេត្តកណ្តាល។ ក្នុងជំនួបនេះ ឯកឧត្តម គង់ សោភ័ណ្ឌ​​ បានជម្រាបជូន ប្រតិភូកូរ៉េពីសក្ដានុពលរបស់ខេត្តកណ្ដាល ដែលជាខេត្តមានភូមិសាស្ត្រល្អ ហ៊ុំព័ទ្ធជុំវិញរាជធានីភ្នំពេញ មានព្រលានយន្តហោះលំដាប់ខ្នាតអន្តរជាតិ 4F មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធំៗខ្វាត់ខ្វែង ហើយបច្ចុប្បន្ននេះខេត្ត មានរោងចក្រ សហគ្រាសសរុបចំនួន ៤៨៣ទីតាំង មានកម្មករនិយោជិត ១៥៣,៤០៥នាក់ ក្នុងនោះ រោងចក្រ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ- កាបូប មានចំនួន ១៧១ ទីតាំង មានកម្មករនិយោជិត ១៣៣,០០០ នាក់ ។ ប្រាក់ចំណូលជាមធ្យមរបស់កម្មករនិយោជិតសរុបប្រមាណ ៤១១លានដុល្លារអាមេរិកក្នុង១ឆ្នាំ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ខេត្តមានផលិតផលក្នុងស្រុកសរុបចំនួន ១២ពាន់ ៤២ប៊ីលាន ៦៥១ លាន ២០០ពាន់រៀលគត់ គិតជាដុល្លាចំនួន ២ពាន់ ៩២៦ លានដុល្លារ ចំពោះGDP សម្រាប់មនុស្សម្នាក់ៗមានចំនួន ២,១៦១ ដុល្លារ ពិសេសសេដ្ឋកិច្ចខេត្តកណ្តាលក្នុងឆ្នាំ២០២២ គឺមានការកើនឡើងចំនួន ៤.២០%។លោក អាន ស៉ឹងដេ (Anh Seungdae) បានមានប្រសាសន៍ថា តាមរយៈកិច្ចពិភាក្សាគ្នានាពេលនេះ ក្រៅពីចង់ពង្រឹងទំនាក់ទំនងល្អជាមួយខេត្តកណ្ដាល ប្រតិភូមានគោលបំណងដ៏សំខាន់មួយទៀត គឺការបង្កើតចលនាភូមិថ្មី នៅខេត្តកណ្ដាល ដើម្បីការអភិវឌ្ឍន៍លឿន ពីភូមិ១ទៅភូមិ១ ដូចប្រទេសទូរ៉េ កាលពីឆ្នាំ១៩៧០ ដែលបានអភិវឌ្ឍន៍ចលនាភូមិថ្មី គឺជាគម្រោងរដ្ឋាភិបាលមួយដែលធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ភូមិឃុំឲ្យមាន ភាពរីកចម្រើនលើគ្រប់វិស័យបានឆាប់រហ័ស រួមមាន អគ្គិសនី ប្រព័ន្ធទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ សាលារៀន មន្ទីរពេទ្យ សុខភាពសាធារណៈ បង្គន់អនាម័យ -ល-។លោក អាន ស៉ឹងដេ (Anh Seungdae) បានបញ្ជាក់ថា ភាគីខាងកូរ៉េសន្យាថានឹងជួយបង្កើតចលនាភូមិថ្មី នៅទឹកដីខេត្តកណ្ដាល ដោយ ឆន្ទះ ការប្រឹងប្រែង និងការចូលរួម តាមបទពិសោធន៍ការងារនេះនឹងអនុវត្តនៅទីជនបទ ដើម្បីទទួលបានលទ្ធផលលឿន ជាក់ស្តែងនៅប្រទេសមីយ៉ាន់ម៉ា ក៏ខាងកូរ៉េបានអនុវត្តចលនាភូមិថ្មីនេះបានទទួលជោគជ័យរួចមកហើយដែរ។ឯកឧត្តមអភិបាលខេត្ត បានគាំទ្រលើគម្រោងខាងលើ នឹងបានស្នើដល់ភាគីខាងកូរ៉េ និងក្រុមហ៊ុននានា ជួយធ្វើការសិក្សាឱ្យបានល្អិតល្អន់ ស៊ីជម្រៅបន្ថែមទៀត ដើម្បីអនុវត្តគម្រោងនេះឱ្យទទួលបានជោគគជ័យនៅលើទឹកដីខេត្តកណ្ដាល សំដៅជំរុញដល់ការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចជូនដល់ប្រជាជនក្នុងខេត្ត។

អត្ថបទទាក់ទង