រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោក ទៀង សុគន្ធ នាយកសាខា និងសហការី រួមទាំងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ នាំយកអំណោយមនុស្សធម៌ទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពយុវជន ដែលបានរងគ្រោះដោយឧប្បទ្ទវហេតុរលំដែកសង្កត់លើ នៅភូមិសំរោងខ្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យក្រុមប្រតិបត្តិសាខាដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខា និងសហការី រួមទាំងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ នាំយកអំណោយមនុស្សធម៌ទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពយុវជន ដែលបានរងគ្រោះដោយឧប្បទ្ទវហេតុរលំដែកសង្កត់លើ នៅភូមិសំរោងខ្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ស្ថិតក្នុងសមានទុក្ខដ៏សែនក្រៀមក្រំនេះ លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា សូមនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសាររងគ្រោះ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ដោយសេចក្តីសោកស្តាយជាទីបំផុត ។លោកបន្តថា៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅនិងការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះទូទៅ ព្រមទាំងចុះសួរសុខទុក្ខជាបន្ទាន់ឲ្យបានទាន់ពេវេលា ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអី្វឡើយ ។ ក្នុងឱកាសនោះដែរ លោកនាយកសាខា ក៏បានសម្ដែងនូវការសោកស្ដាយ និងក្តីអាណិតអាសូរជាពន់ពេក ចំពោះហេតុការណ៍ដ៏សាហាវនេះ ដែលយើងទាំងអស់គ្នាមិននឹកស្មានដល់ថា នឹងមាន កើតឡើងនូវករណីបែបនេះចំពោះគ្រួសារជនរងគ្រោះឡើយ ។អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលបានចូលរួមរំលែកទុក្ខជាមួយគ្រួសារសពរួមមាន៖ អង្ករ ៦០គីឡូក្រាម មី ២កេស ទឹកសុទ្ធ ២កេស ទឹកត្រី ២យួរ និងថវិកា ៤.០០០.០០០រៀល។ដោយឡែក️អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយចូលរួមរំលែកទុកជាមួយគ្រួសារសព ថវិកា ២០០.០០០រៀល ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស និងក្រុមការងារកាកបាទក្រហមឃុំសំរោងធំ ថវិកា ២០០.០០០រៀល។ជម្រាបជូនផងដែរថា៖ ករណី: រលំដែកសង្កត់លើមនុស្សស្លាប់កើតហេតុថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២៣ ម៉ោង ១២:៣០នាទី ចំណុច:ការដ្ឋានសាងសង់ស្ពានភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។-ជនរងគ្រោះ‌ឈ្មោះ ផៃ តុលា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ -ស្នាក់នៅ ភូមិសំរោងខ្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

អត្ថបទទាក់ទង