រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល បើក​​​​វគ្គបណ្តុះបណ្តាលស្តីពី កម្មវិធីជាតិសម្រាប់ការ​អភិវឌ្ឍតាម​បែប​ប្រជា​ធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ និង​យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១

++++++++ខេត្តកណ្តាល៖ អនុលោមទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការអភិវឌ្ឍមូលធនមនុស្ស នៅក្នុងរដ្ឋបាលសាធារណៈត្រូវបានកំណត់យកជាអាទិភាព ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈទៅជាអង្គភាព ដែលមានសមត្ថភាពខ្ពស់ ខ្លាំង និងវៃឆ្លាត ស្របតាមបរិវត្តកម្មឌីជីថល និងតម្រូវការនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

នេះជាការលើងឡើង របស់ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី កម្មវិធីជាតិសម្រាប់ការ​អភិវឌ្ឍតាម​បែប​ប្រជា​ធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ដំណាក់កាលទី២ ១០ឆ្នាំ ២០២១-២០៣០ និង​យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ជូនដល់ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក អាជ្ញាធរក្រុង-ស្រុកនិងអង្គភាពចំណុះសាលាខេត្ត កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល។ឯកឧត្ដម នូ សាខន បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះគឺមានសារៈសំខាន់ណាស់ ដើម្បីពង្រឹងនូវ គុណភាព​ ប្រសិទ្ធភាព​ តម្លាភាព និងគណនេយ្យភាព ​នៃការ​គ្រប់គ្រង​រដ្ឋបាលខេត្ត ក្រុង- ស្រុក ក្នុងការ​ផ្តល់សេវាសាធារណៈ សេវារដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើទំនើបកម្ម​យ៉ាងទូលំទូលាយ និងស៊ីជម្រៅនូវប្រព័ន្ធអភិបាលកិច្ច តាមរយៈកម្មវិធីកំណែទម្រង់នានា​ ​រួមមាន​កម្មវិធីកំណទម្រង់​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឬហៅថា កំណែទម្រង់​វិមជ្ឈការ​ និងវិសហ មជ្ឈការ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រដ្ឋបាលសាធារណៈ ច្បាប់ ​និងប្រព័ន្ធយុត្តិធម៌ និងវិស័យនានា។

ឯកឧត្ដមបានបន្ថែមថា ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលខេត្ត នឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលនានា បន្ថែមទៀតដល់ ទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងមន្រ្តីពាក់ព័ន្ធ ដើម្បីធានាបានថា មន្រ្តីរាជការនៅរដ្ឋបាលខេត្ត ក្រុង ស្រុក ទទួលបានការយល់ដឹងកាន់​តែច្បាស់លាស់ និងស៊ីជម្រៅអំពីកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅគ្រប់ដំណាក់កាល ពិសេសគឺយុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់កាលទី១ សំដៅបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបម្រើសេវាជូនប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងផងដែរ។ សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ២ថ្ងៃ បង្រៀនដោយ គ្រូឧទ្ទេស និងក្រុមការងារមកពីសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ។

អត្ថបទទាក់ទង