រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្ដាល ៖ បញ្ហាប្រឈម សំណូមពរ និងតម្រូវការចាំបាច់មួយចំនួន ដែលធ្វើឱ្យមានការអភិវឌ្ឍនៅក្នុងមូលដ្ឋានក្រុងតាខ្មៅ ត្រូវបានប្រជាពលរដ្ឋលើកឡើងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលប្រារព្ធធ្វើនៅស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ បញ្ហាប្រឈម សំណូមពរ និងតម្រូវការចាំបាច់មួយចំនួន ធ្វើឱ្យមានការអភិវឌ្ឍនៅក្នុងមូលដ្ឋានក្រុងតាខ្មៅ ដែលប្រជាពលរដ្ឋបានលើកឡើងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល នៅក្រុងតាខ្មៅ សរុបចំនួន ១៤៣ ក្នុងនោះផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់មានចំនួន ១៨ ផ្នែកសេដ្ឋកិច្ចមានចំនួន ៧៥ ផ្នែកសង្គមកិច្ចមានចំនួន ១០ និងផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុមានចំនួន ៣១ សំណូមពរផងដែរ។ មានប្រសាសន៍ក្នុងវេទិកានៃដែរ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅពេលនេះផ្ដល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្តជាមួយរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្ត ប្រកបដោយ ចីរភាព និងប្រសិទ្ធភាព។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បន្តថា៖ ការលើកឡើងនូវមតិយោបល់ សំណើ សំណូមពរ និងអនុសាសន៍ សម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋានខេត្តកណ្តាល ឧ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត ស្របទៅនឹងការចង់បានរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ កាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។ បញ្ហាប្រឈម សំណើរ និងសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ត្រូវបានឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ធ្វើការពន្យល់បកស្រាយ និងបានជំរុញដល់អជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា។

អត្ថបទទាក់ទង