រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ០១ភូមិ ស្ថិតក្នុងឃុំកោះធំ”ខ”ស្រុកកោះធំខេត្តកណ្តាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិសំប៉ាន ឃុំកោះធំ"ខ"ស្រុកកោះធំ ខេត្តកណ្តាល បានធ្វើការបិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានក្បាលដីចំនួន៧៩៨ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹង​ចេញប័ណ្ណកម្មសិទ្ធិជូន។​​ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត​កណ្តាលបានឱ្យដឹងដែរថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និង​បញ្ជីឈ្មោះម្ចាស់ដី។ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរយៈពេល១៥ ថ្ងៃគឺដើម្បី​ទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងព្រំប្រទល់ក្បាលដី​របស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិន​​មាន​ទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូន​ម្ចាស់ដី។ ជាមួយគ្នានោះលោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ក៏បានធ្វើការសំណូមពរ ដល់ប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្យមើលការបិទឯកសារ នៃការវិនិច្ឆ័យដីធ្លីដែលមានរយពេល១៥ថ្ងៃ (គិតចាប់ពីថ្ងៃទី០៨ ខែធ្នូ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣)គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក ដេីម្បីមានលទ្ធភាពអោយម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង់ បើក្នុងករណីផុតរយៈពេលកំណត់នៃការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។ ថ្លែងក្នុងឱកាសនោះលោក ជួប វុទ្ធី អភិបាលរងស្រុកកោះធំ បានមានប្រសាសន៍ថា៖ ប័ណ្ណកម្មសិទ្ធិសំគាល់ម្ចាស់អចលនវត្ថុគឺមានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋដូចជា ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី អាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់ ជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ធ្វើឲ្យកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត។ លោក បានធ្វើការអំពាវនាវ ដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះពេលត្រឡប់ទៅមូលដ្ឋានវិញសូមបន្តធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិខាងលើអញ្ជើញមកពិនិត្យទិន្នន័យអោយបានគ្រប់ៗគ្នា៕

អត្ថបទទាក់ទង