រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា

+++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរបរិស្ថានខេត្តកណ្ដាល បានរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន» ក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល ដែលពិធីនេះបានប្រារព្ធធ្វើនៅ សាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ថា៖ ដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលពេញ​មូលដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ"យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន " ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស នឹងចង្អុលបង្ហញការងារអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្រចតុកោណ ជាប្រទេសដែលមានអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមទៀតថា៖ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ដែលប្រារព្ធធ្វើពេលនេះ គឺជាឆ្នាំទី២៩ ហើយ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ចលនាពញាក់ស្មារតី និងការអនុវត្តជាក់ស្ដែងរបស់ប្រទេសកម្ពុជា ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈមុះមុត នឹងស្មារតីយកចិត្តទុកដាក់ ក្នុងកិច្ចគាំពារបរិស្ថាន ថែរក្សាគុណភាពបរិស្ថាន។យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បាននិងកំពុងទទួលការគាំទ្រ និងការចូលរួម អនុវត្តពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ នៃរាជធានី-ខេត្ត ជាបន្តបន្ទាប់។ ជាក់ស្ដែង គិតមកត្រឹទី ១៩ ខែវិច្ឆិកានេះ គឺមានអ្នកស្ម័គ្រចិត្ត ចូលរួមក្នុងយុទ្ធនាការនោះសរុប ចំនួន ៣លាន អង្គ/នាក់។

ដើម្បីថែរក្សាបរិស្ថាន ឱ្យបានល្អ យើងត្រូវរួមកម្លាំងគ្នាលុបបំបាត់ការប្រើប្រាស់ផលិតផលពីប្លាស្ទិកដែលមិនចាំបាច់ កាត់បន្ថយការបង្កើតសំណល់ ការប្រើប្រាស់ឡើងវិញធនធានដែលមានស្រាប់ និងការកែឆ្នៃសំណល់ សំដៅធានាបរិយាកាសការងារ បរិស្ថាន និងសោភ័ណភាព ស្របតាមប្រធានបទ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា " ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន“។ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា៖ ខេត្តកណ្តាល ក៏បានចូលរួមរៀបចំអនុវត្តឱ្យកាន់តែមានសោភ័ណភាព ចំពោះអនាម័យ បរិស្ថាន ការអភិរក្សធនធានធម្មជាតិ ដោយបំផុសចលនាអប់រំ ការយល់ដឹងឱ្យបានទូលំទូលាយ ក្នុងការចូលរួមរបស់មហាជន ផ្នែកពាក់ព័ន្ធទាំងអស់ ធ្វើអនាម័យបរិស្ថាន ទុកដាក់សំណល់គ្រប់ប្រភេទ តាមលក្ខណៈបច្ចេកទេសបរិស្ថាន ការដាំដើមឈើហូបផ្លែរុក្ខជាតិនានា នៅតាមមូលដ្ឋានរៀងៗខ្លួនឱ្យបានផុលផុស ប្រកបដោយភាពបៃតង លុបបំបាត់នូវភាពកខ្វក់ សំរាម សំណល់ផ្សេងៗ សំណល់រាវ ទឹកកខ្វក់តាមទីតាំងផ្សេងៗ ប្រភពបំពុលបរិស្ថាននានា។

ក្នុងនោះរដ្ឋបាលខេត្តបានបង្កើតគណៈកម្មការដឹកនាំ សម្របសម្រួលត្រួតពិនិត្យ និងវាយតម្លៃការងារ គ្រប់គ្រងសំរាមសំណល់រឹង ប្រព័ន្ធលូ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងណែនាំឱ្យក្រុង-ស្រុកបង្កើតគណៈកម្មការ និង អនុគណៈកម្មការនៅតាមឃុំ-សង្កាត់សម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹង សហគមន៍ស្អាតបៃតង បង្កើតភ្នាក់ងារអប់រំ និងពិន័យអន្តរការណ៍ ប្រតិទិនប្រមូល និងបញ្ចេញសំរាម ដើម្បីធានាឱ្យបាននូវការគ្រប់គ្រង និងផ្តល់សេវា ប្រមូលសំរាមតាមក្រុង-ស្រុកនីមួយៗឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។នៅក្នុងពិធីនេះដែរ មន្ទីរបរិស្ថានខេត្ត បាននាំយកនូវកូនឈើចំនួន ១១០ដើម ជីកំប៉ុស្តិ៍១៥ការ៉ុង សម្រាប់ដាំតាមដងប្រឡាយសហភូមិ(ព្រែកសំរោង ជ្រៃមង្គល ពងទឹក) នៃឃុំដំណាក់អំពិល និងធុងសំរាម១២ធុង អំបោសដងវែង២០ ចូកសំរាម១០ រនាស់៤ និងធុងទឹក៥ ចែកជូនដល់ សាលាឃុំដំណាក់អំពិល និងសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង ព្រមទាំងបានធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងថង់ប្លាស្ទិក ដោយធ្វើការផ្តេជ្ញាចិត្តថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និងដាំកូនឈើ ធ្វើអនាម័យ ប្រមូលសម្អាត ក្នុងតំបន់ប្រារព្ធពិធីផងដែរ៕

This image has an empty alt attribute; its file name is 8-62.jpg

អត្ថបទទាក់ទង