រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល ប្រជុំផ្សាព្វផ្សាយ គោលការណ៍ណែនាំពាក់ព័ន្ធនានា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

+++++++ខេត្តកណ្ដាល៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ធ្វើ​ការណែនាំ​ដល់​មន្រ្តី​អនុវត្ត​ច្បាប់​គ្រឿង​ញៀន​ទាំងអស់ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​បន្ថែម លើការងារតាមដាន​ស្រាវជ្រាវ និងបង្រ្កាប​បទ​ល្មើស​ទាក់ទង​នឹង​គ្រឿងញៀន ជាពិសេស ការទប់ស្កាត់​ការបង្វែរ​សារធាតុ​គីមី​ផ្សំ​ពី​ជំនួញ​ស្រប​ច្បាប់ យក​ទៅ​កែច្នៃ​ផលិត​គ្រឿងញៀន​ខុស​ច្បាប់ ពីព្រោះបញ្ហាគ្រឿងញៀន​ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧​ ចាត់ទុកស្មើនឹង​បញ្ហា​សន្តិសុខជាតិ។

ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ ចាប់ពីពេលនេះតទៅ​ ត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់ឲ្យខាងតែបាន។ការណែនាំនេះធ្វើឡើង ខណៈដែលឯកឧត្ដម នាយឧត្តមសេនីយ៍ និងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ចើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្សាព្វផ្សាយ គោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ស្តីពី វឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពី កងកម្ដាំងទាំងបី អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ហាក់ថា ដើម្បីឈានទៅរកវិធានការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព កងកម្លាំងមានអត្ថកិច្ច និងប្រជាពលរដ្ឋតាមមូលដ្ឋាន ត្រូវអនុវត្តពាក្យស្លោក «៣កុំ ១រាយការណ៍» មានន័យថា កុំពាក់ព័ន្ធ, កុំអន្ដរាគមន៍, កុំលើកលែង។ ចំណែកមួយរាយការណ៍ មានន័យថា ផ្ដល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃ ផលិត និងទីតាំងស្ដុកទុកគ្រឿងញៀនទៅកាន់សមត្ថកិច្ច។ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានប្រកាសឲ្យដឹងពីទិសដៅការងារអាទិភាព ចំនួន ៥ចំណុច ដែលត្រូវបានដាក់ចេញដោយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ រួមមាន៖

ទី១៖ កិច្ចការងារអប់រំផ្សព្វផ្សាយ ដោយត្រូវធ្វើយ៉ាងណាឲ្យកាន់តែទូលំទូលាយ ។

ទី២៖ ការត្រួតពិនិត្យសារធាតុគីមីផ្សំ ដោយត្រូវរៀបចំជាបន្ទាន់នូវយន្ដការគ្រប់គ្រងសារធាតុគីមីផ្សំឲ្យបានច្បាស់លាស់។

ទី៣៖ បន្ដខិតខំយកចិត្តទុកដាក់ទប់ស្កាត់ការហូរចូលគ្រឿងញៀនមកប្រទេសកម្ពុជា ។

ទី៤៖ បន្ដខិតខំទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀន

និងទី៥៖ ខិតខំប្រឹងប្រែងលុបបំបាត់ ចែកចាយប្រើប្រាស់គ្រឿងញៀនតាមទីតាំងសប្បាយដ្ឋាន ដូចជា ខារ៉ាអូខេ ក្លឹបកម្សាន្ដ បៀរហ្គាឌិនជាដើម។ ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ណុប ដារ៉ា បានបញ្ចាក់ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងារអាទិភាពបំផុត របស់រដ្ឋបាលខេត្ត ជាក់ស្តែងរដ្ឋបាលខេត្ត បានខិតខំ ចូលរួមសហការ និងកសាងនូវមជ្ឈមណ្ឌលព្យាបាល ស្តារនីតិសម្បទានគ្រឿងញៀន ដែលមជ្ឈមណ្ឌលនេះ ដើរតួយ៉ាងសំខាន់ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការងារព្យាបាល អប់រំ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មអ្នកជាសះស្បើយពីគ្រឿងញៀន ចូលទៅក្នុងសហគមន៍ និងក្រុមគ្រួសារវិញ។ ឯកឧត្តមបានបន្តថា បច្ចុប្បន្នខេត្តមានមជ្ឈមណ្ឌលជាតិ ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ចំនួន ១កន្លែង ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជា ផ្លូវការកាលពីខែមករា ឆ្នាំ២០១៨។ ជាមួយគ្នានេះ បានបញ្ចប់គម្រោងសាងសង់មជ្ឈមណ្ឌលព្យាបាល និង ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តកណ្ដាល ១កន្លែងទៀត ស្ថិតក្នុងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ដែលគ្រោងនឹងសម្ពោធដាក់ឲ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ។ ក្នុងរយៈពេល០៩ខែ ឆ្នាំ២០២៣ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្តាល បានបង្ក្រាបបទល្មើសគ្រឿងញៀន បាន ៤៥១ករណី ឃាត់ខ្លួនជនសង្ស័យ ៨៤១នាក់ ស្រី៥៥នាក់ ជនជាតិខ្មែរ៨២១នាក់ ឥណ្ឌូនេស៊ី០៤នាក់ប្រុស និងវៀតណាម១៦នាក់ ។ ដាក់ក្រោមការត្រួតពិនិត្យចំនួន ២២នាក់ ប្រុសខ្មែរ និងអប់រំនៅនគរបាលស្រុក ០១នាក់ ប្រុសខ្មែរ ក្នុងនោះជនសង្ស័យចំនួន ១៥នាក់ ប្រុសខ្មែរ។ មានដីកាចាប់ខ្លួនចំនួន ១៩ដីកា) មុខសញ្ញាសេសសល់រត់គេចខ្លួនចំនួន ៧២ នាក់ ស្រី០៣នាក់ ខ្មែរ និងអនុវត្តដីកាចំនួន៥៦ដីកា ឃាត់ខ្លួន ៤៩នាក់ ស្រី០១នាក់ ជនជាតិវៀតណាម ០១នាក់ ។ បើប្រៀបធៀប ទៅនឹង ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ១៥៣ករណី ស្មើនិង៤០%។

អត្ថបទទាក់ទង