រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី៥ អាណត្តិទី៣ ជាមួយប្រជាពលរដ្ឋ នៅស្រុកលើកដែក

ខេត្តកណ្តាល៖ អាជ្ញាធរខេត្តកណ្ដាល បានប្រកាសជូនប្រជាពលរដ្ឋ នៅរដូវទឹកសម្រកក្នុងឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តកណ្ដាលគ្រោងនឹងបើកការដ្ឋានសាងសង់ស្ពានជូនប្រជាពលរដ្ឋរស់នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី៥ អាណត្តិទី៣ នៅស្រុកលើកដែក ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាបរិវេណសាលាស្រុកលើកដែកឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានប្រកាសជាសាធារណៈជូនប្រជាពលរដ្ឋ រួមជាមួយអាជ្ញាធរស្រុកលើកដែកគ្រប់លំដាប់ថ្នាក់ថា៖ នារដូវទឹកស្រកក្នុងឆ្នាំ ២០២៤ ខាងនេះ រដ្ឋបាលខេត្តកណ្ដាលគ្រោងនឹងបើកការដ្ឋានសាងសង់ស្ពានជូនប្រជាពលរដ្ឋរស់នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ក្រោមអធិបតី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ ឯកឧត្តមអភិបាលរងខេត្តបន្តថា៖ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋនៅភូមិកោះចំរើន និងការប្រឈមនឹងគ្រោះថ្នាក់នៅរដូវវស្សា រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលខេត្តកណ្ដាល បានសម្រេចផ្ដល់ស្ពានជូនប្រជាពលរដ្ឋនៅក្នុងភូមិកោះចំរើននាឆ្នាំ២០២៤ខាងមុខនេះ។ ថ្លែងក្នុងវេទិការនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា៖ វេទិកានាថ្ងៃនេះធ្វើឡើងដើម្បីប្រមូលមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកពិភាក្សាស្រាយបំភ្លឺ និងធ្វើការដោះស្រាយឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដែលបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ឱ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា តាមរយ:វេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់មានសិទ្ធស្មើគ្នា ក្នុងការចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន ហើយថែមទាំងអាចលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានា ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនមកកាន់អាជ្ញាធរស្រុក ក៏ដូចជាក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ដើម្បីធ្វើការពិនិត្យពិភាក្សាដោះស្រាយជូន ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ជាមួយគ្នានេះផងដែរឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់បន្ថែមថា រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ បើក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរស្រុក ក៏ដូចជាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។ សូមបញ្ជាក់ថា ក្នុងវេទិកានេះ ទទួលបានសំណើរសំណូមពរចំនួន ៣៥ ក្នុងនោះរួមមានផ្នែករដ្ឋបាល សន្តិសុខ សណ្ដាប់ធ្នាប់ សរុបចំនួន ០៣ ផ្នែកសេដ្ឋកិច្ច សរុបចំនួន ៣៦ និងផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុ សរុបចំនួន ០៤ ដែលបញ្ហាទាំងនេះត្រូវបាន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលរងខេត្តកណ្ដាល ធ្វើការឡើងបកស្រាយបំភ្លឺ និងទទួលយក និងបានជំរុញឱ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវពន្លឿនក្នុងការដោះស្រាយ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។

អត្ថបទទាក់ទង