ការប្រណាំងទូក ខេត្តកណ្តាលឆ្នាំ២០២៣នេះ មានចំនួន១ថ្ងៃ---------------ស្ថិតក្នុង បរិយាកាសសប្បាយ រីករាយ នៅថ្ងៃទី២៩តុលា នេះគឺជាថ្ងៃ ដំណើរការ ប្រណាំងទូកក្រុងតាខ្មៅ ខេត្តកណ្តាល។ អាជ្ញាធរខេត្ត រៀបចំការប្រណាំងទូក នាពេលនេះ ស្របពេល ដែលប្រទេសជាតិយើង មានសុខសន្តិភាព និងមានការអភិវឌ្ឍ លើគ្រប់វិស័យ ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិត របស់សម្តេចមហាបវរ ធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទិដ្ឋភាព នៅតាមគោលដៅនិមួយៗ គេសង្កេតឃើញ កម្លាំងមានសមត្ថកិច្ច បាននិងកំពង់ ចុះអន្តរាគមន៍ ធ្វើចរាចរណ៍ ផ្លូវគោក និង ផ្លូវទឹក ដើម្បីការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ ជូនប្រជាជន ចូលរួមទស្សនា ការប្រណាំងទូក បានល្អប្រសើរ។ជាមួយគ្នានោះ គេក៍សង្កេតឃើញក្រុមគ្រូពេទ្យចល័ត បានដាក់ពង្រាយ តាមស្តង់ គោលដៅនិមួយៗ ដើម្បីជូយពិនិត្យ ព្យាបាល សុខភាព និងចែកថ្នាំសង្កូវ ជូនប្រជាជន ជួបប្រទះ បញ្ហាគ្រោះ ថ្នាក់ផ្សេងៗ។ ជាមួយគ្នានោះ ខេត្តបានរៀបចំ មណ្ឌលព័ត៌មាន ជាច្រើនទីតាំង ប្រយោជន៍ដើម្បី ប្រកាសជូនដំណឹង ដល់សាធារណជន ក្នុងករណី ណាមួយ ជាយថាហេតុ។ ដោយឡែក ចំពោះ អនាម័យបរិស្ថាន ក្រុមការងារ ជំនាញ បានរៀបចំ ឲ្យមានធុងសំរាម ចល័ត សំរាប់វេចខ្ចប់ សំរាម សំណល់រឹងដោយ បានដាក់នៅទីតាំងគ្រប់កន្លែង នៅតាមដងផ្លូវសាធារណៈ និងនៅទីតាំង ប្រារព្ធពិធី ជៀសវាង ការចោលសំរាម ពាសវាលពាសកាល បណ្តាលឲ្យប៉ះពាល់ សុខភាពសាធារណៈ និងអនាមយ័បរិស្ថាន។ ទន្ទឹមនិងនេះ អាជ្ញាធរខេត្ត បានរៀបចំ ឲ្យមានបង្គន់អនាម័យ ចល័តនិងសាធារណៈ ដើម្បីបង្កភាពងាយស្រួល ដល់បងប្អូន ប្រជាពលរដ្ឋ ដែលបាន ចូលរួមផងដែរ។ ពិធីប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះអាជ្ញាធរខេត្តបានជ្រើសរើសទូកចូលរួមប្រណាំងសរុបចំនួន៧៣ទូករួមមាន៖ ទូកខ្នាតអន្តរជាតិ នារីចំនួន២ទូក, ទូកខ្នាត អន្តរជាតិបុរសចំនួន ៣២ទូក, ទូកអុំបុរស៣៤ទូក, និងធ្វើងទូកចែវចំនួន៥ទូក, សរុបចំណុះទូកចំនួន៤.១៥២នាក់។ ដោយឡែកចំពោះការប្រណាំងទូក គឺខុសពីឆ្នាំ២០២២ ដោយឆ្នាំ២០២៣នេះ ខេត្ត បានរៀបចំការប្រកួត ចំនួន៣លើក គឺ អុំនៅពេលព្រឹក ១លើក និងពេលរសៀល ចំនួន២លើក។មុនការប្រកាសប្រណាំងទូក អភិបាលខេត្តកណ្តាល ឯកឧត្តម គង់សោភណ្ឌ ដែលបានអញ្ជើញ ជាអធិបតី បានណែនាំ ក្រុមចំណុះទូកទាំងអស់ ត្រូវគោរពវិន័យនិងចេះអធ្យាស្រយ័គ្នា ទៅវិញទៅមក ធ្វើយ៉ាងណាឲ្យការប្រកួតទូកឆ្នាំនេះ ប្រកបដោយជោគជ័យនិងប្រសិទ្ធភាពខ្ពស់។បន្ទាប់មក ឯកឧត្តមអភិបាលខេត្តបានប្រកាស ការប្រណាំងទូក ចាប់ពីពេលនេះតទៅ៕
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/396512642_647465717561774_7862761639330585665_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/396515786_647466224228390_1787932326411961424_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/396709308_647466230895056_6448358625211095786_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/396472025_647490114226001_5981732233364385598_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/395918982_647490190892660_9222805087800206012_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/395465463_647466100895069_8900555719054379835_n-1024x682.jpg)