រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត​កណ្តាលបានផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ខេត្តកណ្តាល៖ ក្នុងគោលបំណង ជួយលើកកម្ពស់ក្នុងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោគឲ្យបានទូលំទូលាយ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកក់ស្ទុះចរាចរណ៍ ដែលបណ្តាលមកពីការបើកបរមិនគោរពតាមច្បាប់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា​ និងអធិការកិច្ចខេត្តកណ្តាល​ សហការជាមួយអាជ្ញាធរក្រុងតាខ្មៅ បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពី​ ចរាចរណ៏ផ្លូវគោក​ នៅវិទ្យាល័យ​ ហ៊ុន​ សែន​ សេរីភាព ក្រុងតាខ្មៅ ដោយមានការចូលរួមពី លោក គា ប៊ុនថន ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត លោកអភិបាលរងក្រុងតាខ្មៅ កម្លាំមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ២០០នាក់។ថ្លែងក្នុងពិធីនេះ លោក គា ប៊ុនថន ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកណ្ដាល បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធជាពិសេសអង្គភាពជំនាញត្រូវមានផែនការគ្រប់គ្រង និងអនុវត្តច្បាប់ឱ្យបានច្បាស់លាស់ និងសកម្ម រួមគ្នាជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ សិស្សានុសិស្សឱ្យបានយល់ដឹងទូលំទូលាយអំពីច្បាប់នេះ ពិសេសលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់នាថ្ងៃនេះ ក៏សូមជួយធ្វើការផ្សព្វផ្សាយបន្តផងដែរ ដើម្បីចូលរួមជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយកថាហេតុ។លោក គា ប៊ុនថន បានថ្លែងបន្តថា ដោយសារបច្ចុប្បន្ននេះការប្រើប្រាស់មធ្យោបាយក្នុងការធ្វើដំណើមានច្រើន ដែលជាហេតុធ្វើឱ្យផ្លូវថ្នល់មានភាពមមាញឹកជាខ្លាំង ដែលតំរូវឱ្យអ្នកធ្វើដំណើរត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ពីព្រោះបញ្ហាចរាចរណ៍បានបង្កនូវផលវិបាក់យ៉ាងធ្ងន់ធ្ងរជាច្រើនចំពោះប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរលើផ្លូវសាធារណៈដែលមិនបានគោរពច្បាប់ចរាចរណ៍ ហើយផលវិបាកធ្ងន់ធ្ងរក៏នៅតែកើតមានជានិច្ចចំពោះប្រជាពលរដ្ឋ ប្រសិនបើអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ ដូចជាការបើកបរលើសល្បឿនកំណត់ ការបើកបរមិនពាក់មួកសុវត្ថិភាព ការបើកបរក្នុងស្ថានភាពស្រវឹងជាដើម។លោកបានបន្ថែមថា បើយើងទាំងអស់គ្នាមិនចូលរួមគោរពច្បាប់ចរាចរណ៍ទេ នោះយើងនៅតែអាចទទួលនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដែលអាចបណ្ដាលអោយយើងពិការ ឬបាត់បង់ជីវិត ហើយការកកស្ទះចរាចរណ៍នៅតែកើតមាន ដែលបណ្តាឱ្យខាតបង់ទាំងពេលវេលា សេដ្ឋកិច្ច និងសណ្ដាប់ធ្នាប់ក្នុងសង្គម ហេតុនេះយើងមិនត្រូវបណ្ដោយឱ្យអាយុជីវិត និងពេលវេលារបស់យើងខាតបង់ដោយសារតែបញ្ហានេះឡើយ។ថ្លែងក្នុងពិធីនេះដែរ លោក ឡាយ សំរិទ្ធ អភិបាលរងក្រុងតាខ្មៅ បានសំដែងនូវការគាំទ្រ កោតសរសើ និងវាយតំលៃខ្ពស់ ចំពោះមន្ទីរទំនាក់ទំនង ជា​មួយ​​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ទីរជំនាញពាក់ពន្ធ័ដែលយក​​អស់កំលាំងកាយ​​ចិត្តចុះ​ពន្យល់ ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៏​​ផ្លូវ​គោក ដល់​សាធារ​ណៈ​ជន​ ពិសេសសិស្សានុសិស្ស ឱ្យបានយល់ដឹង សំដៅចូលរួមជួយកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់​ទាំងស្រុងនូវរាល់​គ្រោះថ្នាក់ចរាចរណ៏​ក្នុងប្រទេសកម្ពុជា។ លោកអភិបាលរងក្រុងក៍បានធ្វើការរំលឹក ផងដែរថា បើស្រវឹងកុំបើកបរ បើបើកបរកុំ​ផឹងគ្រឿងស្រវឹង មុននិងចេញដំណើរត្រូវ ពិនិត្យយានយន្ត ពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់មុនពេលចេញដំណើរឱ្យបានត្រឹមត្រូវ។សូមបញ្ចាក់ផងដែរថា យោងតាមច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក មាត្រាទី ៧៦បានចែងថា ជនណាបើកបរមិនព្រមបញ្ឈប់យានយន្តនេះតាមការបញ្ជារបស់លោកមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដើម្បីធ្វើតេស្តពិនិត្យជាតិអាល់កុល ឬសារធាតុញៀនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ពី ៦ថ្ងៃទៅ ១ខែ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ ៨សែនរៀល។ មាត្រាទី ៨០ ជនណារារាំង ឬប្រើប្រាស់មធ្យោបាយណាមួយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ៨សែនរៀលទៅ ៨លានរៀល។

អត្ថបទទាក់ទង