រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្តាល បានប្រជុំគណៈកម្មការត្រៀមរៀបចំ ពិធីប្រណាំងទូក ដែលគ្រោងនឹងរៀបចំឡើង នៅថ្ងៃទី២៩ ខែតុលា នៅក្រុងតាខ្មៅ

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ​ ខេត្តកណ្តាលនឹងមានព្រឹត្តិកាណ៏ដ៏ធំមួយ​ បំរេីអោយការកំសាន្តរីករាយជូនប្រជាពលរដ្ឋ​ និងភ្ញៀវអន្តរជាតិ​ នោះគឺពិធិអុំទូកបណ្តែតប្រទីប​ នៅមាត់ទន្លេបាសាក់​ ក្រុងតាខ្មៅ​។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំ ពិធីប្រណាំងទូកនៅព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរ វាយតំលៃខ្ពស់ ចំពោះ ក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញតួនាទីរៀងរាងៗខ្លួន ទទួលបាន លទ្ធផលល្អប្រសើរ តាមផែនការដែលបានគ្រោងទុក។ឯកឧត្តមអភិបាលបានរំលឹក ដល់គ្រប់អនុគណៈកម្មការទាំងអស់ថា ដោយសារពេលវេលាកាន់តែខ្លីខិតជិតមកដល់ហើយនោះ សូមក្រុមការងារធ្វើការបែងចែកទៅតាមក្រុមការងារជំនាញរៀងៗខ្លួន ពិសេសការរៀបចំសម្អាតសោភ័ណភាពក្រុង មានដូចជា អនាម័យ សម្រាមបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ ស្តង់ពិព័ណ៍ ទំនិញ ការបាញ់កាំជ្រួច និងតន្រ្តីសម័យ នៅក្នុងពិធីនេះ ប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ដែលពួកគាត់នឹងអញ្ជើញមកទស្សនា ជាពិសេសត្រូវត្រៀមក្រុមគ្រូពេទ្យប្រចាំការផងដែរ។បន្ថែមពីលើនេះ ឯកឧត្តមបានណែនាំដល់មន្រ្តីរាជការទាំងអស់ ត្រូវចូលរួមក្នុងពិធីនេះទាំងអស់គ្នា ព្រោះពិធីបុណ្យអុំទូកថ្នាក់ខេត្ត ត្រូវតែមានការចូលរួមពី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាមួយថ្នាក់ដឹកនាំ ដើម្បីរួមគ្នាបង្កបរិយាកាសរីករាយជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ កម្សាន្តសប្បាយរីករាយ ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាព។សូមជម្រាបថា គិតមកត្រឹមពេលនេះ មានទូកចុះឈ្មោះចូលរួមប្រណាំង មានចំនួន ៧៥ទូក ក្នុងនោះមាន៖ ទូកខ្នាតអន្តរជាតិ នារី ចំនួន ០២ទូក, ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៤ទូក, ទូកអុំ បុរស ចំនួន ៣៤ទូក និងទូកចែវបុរស ចំនួន ០៥ទូក ។ មានកម្លាំងអុំចំនួន ៣៥៤៦នាក់ កម្លាំងត្រៀម ចំនួន ៦៦៣នាក់ សរុបរួម ចំនួន ៤២០៩នាក់ ។ ការប្រណាំងមានចំនួន ៣លើកគឺព្រឹក ១លើក និងរសៀល ២លើក។ក្នុងប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹងដល់អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តតាមដាន និងរាយការណ៍ជាប្រចាំអំពីស្ថានភាពទឹកជំនន់មករដ្ឋបាលខេត្ត ដើម្បីចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេសស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ។

This image has an empty alt attribute; its file name is 8-33.jpg

អត្ថបទទាក់ទង