រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល អញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១៣ នៅវត្តព្រះឥន្ទសាមគ្គី ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល

+++++++++++ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល មាតា បីតា និងមន្ត្រីរាជការ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌទី១៣ ព្រមទាំងបានធ្វើបទនមស្ការព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ នៅវត្តព្រះឥន្ទសាមគ្គី ក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្តាល។

បន្ទាប់ពីធ្វើកិច្ចគោរពបូជា ផ្កាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកា ព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌​ព្រះសម្មាសាម្ពុទ្ធរួច ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ បានវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ទៅតាមពុទ្ធានុញ្ញាត្តិ ព្រមទាំងបានឧទ្ទិសកុសលផលបុណ្យ ជូនឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលទាំងមូល សូមទទួលបាននូវមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណ: សុខ: ពល: និង បដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ។

បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោចខែភទ្របុត្រ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យកាន់បិណ្ឌ ថ្នាក់ដឹកនាំខេត្តកណ្ដាល និងប្រជាពុទ្ធបរិស័ទតែងតែរួមគ្នាធ្វើបុណ្យ ធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿង សក្ការបូជា និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគ បច្ច័យយកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូន ជីតា ញាតិការទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌនេះ ឱ្យបានទៅសោយសុខ នៅទីស្ថានបរមសុខគ្រប់ៗជាតិ។ ក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១៣នេះ រដ្ឋបាលខេត្តកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរស្រុក និងមន្ត្រីរាជការ បាននាំយកនូវទេយ្យវត្ថុ មកប្រគេនដល់ព្រះសង្ឃរួមមាន៖អង្ករ១តោន, ទឹកផ្លែឈើ ០២កេស, មី ១០កេស, ត្រីខកំប៉ុង ០៥កេស, ទឹសុទ្ធ១០កេស, ទឹកត្រី១០យួរ, ទឹកដោះគោខាប់១កេស និងបច្ច័យមួយចំនួន ១៧.៧៤០.០០០រៀល និង៦០០ដុល្លារអាមេរិក ដើម្បីប្រគេនដល់ព្រះសង្ឃដើម្បីទុកកសាងសមិទ្ធផលនានាក្នុងវត្ត។

អត្ថបទទាក់ទង