រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល ដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ចាន់ ឧត្តម និស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ដែលបានទទួលមរណៈភាពដោយសារហេតុការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំប្រតិភូខេត្តកណ្ដាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ចាន់ ឧត្តម និស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ដែលបានទទួលមរណៈភាពដោយសារហេតុការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ២៤ ឆ្នាំ នៅគេហដ្ឋាននៃសព។ ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ ប្រតិភូខេត្តកណ្ដាលទាំងអស់ សូមសម្ដែងនូវសេចក្ដីសោកស្ដាយ យ៉ាងធំធេង និងពោរពេញដោយភាពស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកមរណទុក្ខនេះជាមួយ លោក ចាន់ ឈាងទី ត្រូវជាឪពុក និងលោកស្រី នង ណារុន ត្រូវជាម្ដាយ ក្រុមគ្រួសារសព និងញាតិសារលោហិតទាំងអស់ដោយក្តីសង្វេគជាពន់ពេក ចំពោះការបាត់បង់ លោក ចាន់ ឧត្តម ដែលជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានកំពុងបំពេញបេសកកម្មបន្តការសិក្សាដើម្បីបង្កើនកម្រិត សមត្ថភាពយកមកបម្រើប្រទេសជាតិ។ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ពិតមានសេចក្តីសង្វេគក្ដុកក្ដួល រន្ធត់ចិត្តឥតឧបមា យ៉ាងក្រៀមក្រំ ដោយបានទទួលឮដំណឹងថា លោក ចាន់ ឧត្តម ដែលត្រូវជាកូនបង្កើតរបស់ លោក ចាន់ ឈាងទី និងលោកស្រី នង ណារុន និងជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) បានទទួលមរណៈភាពដោយសារហេតុការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ២៤ ឆ្នាំ ក្នុងកំឡុងពេលលោកកំពុងស្នាក់នៅនិងបន្តការសិក្សា នៅប្រទេសអ៊ីស្រាអែល។ ក្នុងឱកាសនោះដែរ ប្រតិភូខេត្តកណ្ដាល សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក ចាន់ ឧត្តម សូមឱ្យបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សង្គ្រាមបានបំផ្លាញនូវអ្វីៗទាំងអស់ សង្គ្រាមបានធ្វើឱ្យប្រជាពលរដ្ឋមានការស្លាប់ វិនាស ព្រាត់ប្រាស់ មានជនពិការ និងកុមារកំព្រាជាដើម។ ដូចនេះសន្តិភាពគឺពិតជាមានតម្លៃណាស់សម្រាប់ប្រទេសនៅជុំវិញពិភពលោក មានសន្តិភាពទើបមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ យើងទាំងអស់គ្នាត្រូវការពារសន្តិភាពឱ្យបានទោះបង់ក្នុងតម្លៃណាក៏ដោយ។

អត្ថបទទាក់ទង