រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីរអង្គភាពជុំវិញខេត្ត ទទួលបានវគ្គផ្សព្វផ្សាយ ស្ដីពីដំណើរការ ការិយាល័យប្រជាពលរដ្ឋខេត្ត

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងវគ្គផ្សព្វផ្សាយ ស្ដីពីដំណើរការ ការិយាល័យប្រជាពលរដ្ឋខេត្ត ជូនដល់មន្ទីរអង្គភាពជុំវិញខេត្ត នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានមានប្រសាសន៍ថា វគ្គផ្សព្វផ្សាយនេះមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យមន្ដ្រីរាជការ បានជ្រួតជ្រាបពីតួនាទីភារកិច្ច សិទ្ធិអំណាច សមត្ថកិច្ច របៀបរបបធ្វើការ របស់ការិយាល័យប្រជាពលរដ្ឋ សំដៅជួយជម្រុញ និងលើកទឹកចិត្តឱ្យប្រើប្រាស់យន្តការនេះ ដើម្បីសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ពាក់ពន្ធនឹងការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈនានា ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាពខ្ពស់ សំដៅបង្កើនជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ក្នុងវគ្គផ្សព្វផ្សាយនេះ ឯកឧត្តម នូ សាខន បានជម្រុញដល់លោក- លោកស្រី ដែលបានចូលរួមនាឱកាសនេះ ត្រូវខិតខំប្រឹងប្រែងស្តាប់បទបង្ហាញរបស់គ្រូឧទ្ទេស ត្រូវយកខ្លឹមសារចំណេះដឹងដែលទទួលបាននាថ្ងៃនេះទៅផ្សព្វផ្សាយបន្តដល់មន្តី ក្រោមឱវាទ និងប្រជាពលរដ្ឋឱ្យបានទូលំទូលាយថែមទៀត។ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតទទួលស្គាល់ពីអគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ ដោយបានផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជ័យលាភីការិយាល័យប្រជាពលរដ្ឋ រាជធានីខេត្តឆ្នើម ប្រចាំឆ្នាំ២០២២ ចំណាត់ថ្នាក់លេខ៣ ជូនដល់ការិយាល័យប្រជាពលរដ្ឋ ខេត្តកណ្តាល។ លោក ញឹម វណ្ណឌិន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានឱ្យដឹងថា ការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល ត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីថ្ងៃទី២១ មិនា ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ននេះ បានដំណើរការយ៉ាងរលូន និងបានខិតខំបំពេញតាមតួនាទី និងភារកិច្ច របស់ខ្លួនយ៉ាងសកម្ម។ ផ្អែកលើសមិទ្ធផល ដែលការិយាល័យប្រជាពលរដ្ឋខេត្ត បានអនុវត្តកន្លងមក យើងបានទទួលវិញ្ញាបនបត្រ ទទួលស្គាល់ជ័យលាភី ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្តឆ្នើម ប្រចាំឆ្នាំ២០២២ ដែលអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សម្រេចផ្ដល់ជ័យលាភីលេខ៣ ជូនការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក។លោកបានបន្ថែមថា ជោគជ័យដែលយើងទទួលបាននេះ គឺអាស្រ័យដោយមានការយកចិត្តទុកដាក់គាំទ្រទាំង ផ្នែក ស្មារតី មធ្យោបាយ សម្ភារៈ និងថវិកាពីសំណាក់ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ស្ថាប័នពាក់ព័ន្ធនានាចូលរួម និងការខិតខំប្រឹងប្រែងរបស់មន្ត្រីការិយាល័យ ប្រជាពលរដ្ឋខេត្ត ទើបយើងអាចសំរេចបាន។

អត្ថបទទាក់ទង