រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធនៅស្រុកល្វាឯម ខេត្តកណ្តាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងភូមិសំរោង និងភូមិជ្រោយពិសី ឃុំទឹកឃ្លាំងស្រុកល្វាឯម ខេត្តកណ្តាល បានធ្វើការបិទផ្សាយ ជាសាធារណៈឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានក្បាលដីចំនួន១,៧៣១ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹង​ចេញប័ណ្ណកម្មសិទ្ធិជូន។​​ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានអោយដឹងថា៖ ការបិទផ្សាយនូវឯកសារនៃការ​វិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ដែលរាប់ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ដោយគិតទាំងថ្ងៃឈប់សម្រាកផងដែរ ក្រោយការបិទផ្សាយនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវតែទៅពិនិត្យមើលឱ្យបានគ្រប់គ្នា។ លោកបានបន្តទៀតថា៖ អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែល មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជា​ពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើ​ប្លង់រឹងលើដី​​ធ្លី ​ដើម្បី​ធានា​នូវ​សិទ្ធិ​​ធ្វើជា​ម្ចាស់ កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដី​ធ្លីត្រូវបានកាត់បន្ថយ​យ៉ាងច្រើនទៀតផង។ ជាមួយនោះលោកក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាន និងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ ។ ក្នុងឱកាសនោះលោក កែវ ស៊ីណន អភិបាលរងស្រុកល្វាឯម បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិខាងលើ សូមបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការអោយបានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីដែលបញ្ជាក់ពីសិទ្ធិជាម្ចាស់ដីពិតប្រាកដ។ លោកអភិបាលរងស្រុក បានធ្វើការក្រើនរម្លឹកដល់មន្ត្រីជំនាញ និងប្រជាពល​រដ្ឋត្រូវបន្តការយកចិត្តទុកដាក់ចូលរួមសហការឱ្យបានល្អថែមទៀត ដើម្បីជំរុញឱ្យការអនុវត្តនី តិវិធីនៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្ត​ទៅដោយភាពរលូន និងជោគជ័​យ៕

អត្ថបទទាក់ទង