រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង «ការទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ផលិតផល១)»

+++++++++++++++++ខេត្តកណ្តាល៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សហគ្រិនខ្មែរ និងអង្គការអុកស្វាម ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តកណ្ដាល បានរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង «ការទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ផលិតផល១)» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ សាលាខេត្តកណ្ដាល។ ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព វេទិកាផ្គូផ្គងនេះមានបំណងបង្កើតឱកាសទីផ្សារសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងអ្នកផលិតក្នុងស្រុក ដើម្បីជួបអ្នកទិញសក្តានុពល និងចូលរួមក្នុងការពិភាក្សាប្រកបដោយផ្លែផ្កា លើលក្ខខណ្ឌផ្គត់ផ្គង់ និងតម្រូវការផ្សេងៗ។ លើសពីនេះ ពួកគេមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយតួអង្គផ្សេងៗ ដូចជាអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងក្រុមយុវជន ដែលអាចផ្តល់ការគាំទ្រជាបច្ចេកទេស និងធនធានក្នុងការអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។ វេទិកានេះក៏រួមបញ្ចូលការតាំងផលិតផល ដែលចូលរួមចំណែកក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអោយកាន់តែទូលាយផងដែរ។

ឯកឧត្ដម អភិបាលរងខេត្ត បន្តថា៖ ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុកព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។ ម្យ៉ាងវិញទៀត គោលការណ៍ណែនាំនេះក៏មានបំណងជំរុញឱ្យអ្នកពាក់ព័ន្ធធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឱ្យបានយល់ច្បាស់បន្ថែមទៀតអំពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមចលនាភូមិ១ ផលិតផល១ និងធ្វើយ៉ាងណាជំរុញពួកគាត់ចូលជាសមាជិកចលនានេះបានទូលំទូលាយ។ ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា៖ «គណៈកម្មាធិការជាតិ និងគណៈកម្មាធិការខេត្ត-រាជធានីជំរុញចលនាភូមិមួយផលិតផលមួយ មានការដឹកនាំគំនិតផ្តួចផ្តើមអោយមានជំនួបរវាងអ្នកផលិត និងអ្នកទិញ កាត់បន្ថយគម្លាតរវាងអ្នកផលិតក្នុងស្រុក និងអ្នកទិញសក្តានុពល ប្រកបដោយប្រសិទ្ធភាព និងសុចរិតភាព។ តាមរយៈការបង្កើតយន្តការតភ្ជាប់បណ្តាញប្រទាក់ក្រឡាគ្នាប្រកបដោយអត្ថន័យ ពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នកកែច្នៃវេចខ្ចប់ អ្នកប្រមូលផ្ដុំផលិតផល (ពីកសិដ្ឋានរហូតដល់តុបាយ ពីសិប្បកររហូតដល់អ្នកប្រើប្រាស់) ហើយពួកគាត់អាចសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ណែនាំអ្នកផលិតទៅកាន់ទីផ្សារ ដោះស្រាយបញ្ហាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការសុំចុះបញ្ជីរ ឬច្បាប់គតិយុត្តផ្សេងៗ និងជំរុញឱកាសពាណិជ្ជកម្ម ហើយយើងមានទំនុកចិត្តថាព្រឹត្តិការណ៍ថ្ងៃនេះនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃខេត្តកណ្ដាល និងប្រទេសកម្ពុជាទាំងមូល និងបង្កើនកម្រិតជីវភាពរបស់សហគមន៍មូលដ្ឋានផងដែរ»។

អត្ថបទទាក់ទង