រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣” ជូនដល់មន្រ្តី ល.ខ.ប និងភាគីពាក់ព័ន្ធ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពី"ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣" ជូនដល់មន្រ្តី ល.ខ.ប និងភាគីពាក់ព័ន្ធ ។ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានរៀបចំនៅក្នុងសភាពការណ៍ដែលស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយនៅព្រះរាជាណាចក្រកម្ពុជាមានការវិវឌ្ឍល្អប្រសើរ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងក្រោយពេលដែលរដ្ឋសភាថ្មី និងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានបង្កើត និងចូលកាន់តំណែង កាលពេលថ្មីៗកន្លងទៅនេះ ដែលជាអំណោយផលល្អ ធានាឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសស្ងប់ស្ងាត់ ប្រកបដោយ សន្តិភាព សន្តិសុខ សុវត្ថិភាព មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ ។ឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថា អាជ្ញាធរខេត្ត រួមមាន ឯកឧត្តមអភិបាលខេត្ត លោកអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ កងកម្លាំងមានសមត្ថកិច្ចទាំង៣ផ្នែក តែងតែយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងកិច្ចសហការគ្រប់ពេលវេលា គ្រប់ទីកន្លែងដល់ លេខាធិការដ្ឋានរៀបចំការបោះឆ្នោត និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលធ្វើឲ្យដំណើរការបោះឆ្នោត ក៏ដូចជាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ទទួលបានផលល្អ ប្រព្រឹត្តទៅដោយរលូន មានរបៀបរៀបរយ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សាកើតឡើងឡើយ។ឯកឧត្តម ក៏បានផ្តាំផ្ញើចំពោះសិក្ខាកាមដែលជាគ្រូបង្ហាត់តាមក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ កត់ត្រានូវចំណុចថ្មីៗ ដែលគ្រូបង្ហាត់ គ.ជ.ប បង្ហាត់បង្ហាញ នឹងត្រូវត្រៀមខ្លួន ដើម្បីបន្តផ្ទេរចំណេះដឹងការទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ សម្រាប់ការបណ្ដុះបណ្ដាលបន្តដល់ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) នៅតាមក្រុង ស្រុក ។ក្នុងឱកាសនោះ លោក តូច សត្ថា អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់ការដំបូងដែលមានភាពចាំបាច់ និងទាមទារឲ្យមានការបើកវគ្គបណ្ដុះបណ្ដាលនៅរៀងរាល់មុនព្រឹត្តិការណ៍នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមកដល់ ។ហើយការបណ្តុះបណ្តាលដែលមានរយៈពេល ២ថៃ្ងនេះ គឺផ្ដោតទៅលើប្រធានបទសំខាន់ៗចំនួន ៨ ដែលគ្រូឧទ្ទេសនឹងធ្វើបទបង្ហាញ ហើយគ្រូបង្គោលតាមក្រុងស្រុកនីមួយៗ ត្រូវយកចិត្តទុកដាក់ស្ដាប់ទាំងផ្នែកទ្រឹស្ដី ទាំងផ្នែកបច្ចេកទេសឲ្យបានល្អបំផុត ។

អត្ថបទទាក់ទង