រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ជនមានពិការភាព ដែលរងការគំរាមកំហែងពីសំណាក់អ្នករស់នៅជិតខាង ចំនួន២នាក់ ស្ថិតនៅស្រុកកោះធំ និងក្រុងតាខ្មៅ ត្រូវបានថ្នាក់ដឹកនាំក្រសួងកិច្ចការនារី និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងស្វែងយល់ពីបញ្ហាប្រឈម សំណូមពរ និងទុក្ខលំបាកនានាដែលកំពុងរស់នៅប្រចាំថ្ងៃ

ខេត្តកណ្ដាល៖ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម សំណូមពរ និងទុក្ខលំបាកនានារបស់ជនមានពិការភាពដែលកំពុងរស់នៅប្រចាំថ្ងៃ និងរងការគំរាមកំហែងពីសំណាក់អ្នករស់នៅជិតខាង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខផ្ទាល់ ជនមានពិការភាពចំនួន២នាក់ រស់នៅភូមិ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ និងនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានអោយដឹងថា៖ ការចុះសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៅពេលនេះ គឺដើម្បីស្វែងយល់ពីបញ្ហាប្រឈម សំណូមពរ និងទុក្ខលំបាកនានាដែលកំពុងរស់នៅប្រចាំថ្ងៃ របស់ជនមានពិការភាព ពិសេសពួកគាត់កំពុងទទួលរងការរើសអើង មើលងាយ គំរាមគំហែង និងរងអំពើហិង្សាជាបន្តបន្ទាប់ ពីសំណាក់អ្នករស់នៅជិតខាង។ លោកជំទាវ បានបន្តថា៖ ការចុះសួរសុខទុក្ខនៅពេលនេះ បានលើកទឹកចិត្តដល់បងប្អូនដែលមានពិការភាពទាំងអស់ ពិសេសអ្នកដែលទទួលរងនូវការរើសអើង មើលងាយ គំរាមគំហែង និងរងអំពើហិង្សា នាពេលកន្លងមក មានកម្លាំងចិត្ត និងមានភាពកក់ក្ដៅ ដែលមានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មានការយកចិត្តទុកដាក់ជាមួយពួកគាត់ ដោយមិនឱ្យពួកគាត់គិតថាជនពិការទាំងអស់ រស់នៅដោយភាពឯកា ឬខ្វះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនោះឡើយ។ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា៖ ជនពិការភាពដែលទទួលរងនូវការរើសអើង មើលងាយ គំរាមគំហែង និងរងអំពើហិង្សា អត់មានចំនួនពីរនាក់រួមមាន៖ ១.ស្តី្រពិការឈ្មោះ លំ អង រស់នៅភូមិ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ មុខរបរលក់ដូរលើកញ្ច្រែងតិចតួច ជាស្ត្រីមានពិការភាពភ្នែក និងមានជំងឺប្រចាំកាយ កូនគាត់ក៏ពិការ ត្រូវបានប្រើអំពើហិង្សា វាយដំ គំរាម កំហែងជេរប្រមាថ មើលងាយ រើសអើង ពីសំណាក់អ្នកជិតខាងជារៀងរាល់ថ្ងៃ។ ២.ឈ្មោះ មុត សំអុល នៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ប្ដីមានពិការភាពភ្នែក និងភរិយា ទទួលរងនូវការមើលងាយ និងហិង្សា ពីអ្នកជិតរៀងរាល់ថ្ងៃ។ ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំទាំងអស់ បានសំណូមពរដល់អាជ្ញាធរភូមិ ឃុំ-សង្កាត់ ស្រុក-ក្រុង ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ សូមយកចិត្តទុកដាក់បន្ថែមទៀត ជាមួយបងប្អូនដែលជាជនពិការទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន រាល់ការស្នើសុំជួយអន្តរាគមន៍ឬស្នើសុំជួយដោះស្រាយរាល់ការប្រើប្រាស់នូវអំពើហិង្សា ក៏ដូចជាការមើលងាយ និងរើសអើងពីសំណាក់អ្នករស់នៅជិតខាង ឱ្យមានប្រសិទ្ធភាពខ្ពស់សំដៅធ្វើយ៉ាងណាកុំឱ្យមានជនពិការភាពណាម្នាក់ទទួលរងនូវអំពើហិង្សាឬការមើលងាយពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។

អត្ថបទទាក់ទង