រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល សម្រេចសាងសង់ភ្លើងសញ្ញាចរាចរណ៍១កន្លែង ស្ថិតនៅទល់មុខសាលាស្រុកមុខកំពូល ដែលជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

+++++++++++ខេត្តកណ្ដាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកមុខកំពូល ចុះពិនិត្យការបញ្ចប់ការដំឡើងភ្លើងសញ្ញាចរាចរណ៍ ដែលមានទីតាំងទល់មុខសាលាស្រុកមុខកំពូល ស្ថិតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ ការសាងសង់ភ្លើងសញ្ញាចរាចរណ៍ ធ្វើឡើងឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងរស់ស្រុកមុខកំពូល និងដោយពិនិត្យមើលជាក់ស្ដែងពីមន្ត្រីជំនាញ ឃើញថាទីតាំងនេះមានការមមាញឹក និងការធ្វើចរាចរណ៍ឆ្លងកាត់ ហើយកន្លងមកតែងតែមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ទើបរដ្ឋបាលខេត្តកណ្ដាល សហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរស្រុកមុខកំពូល បានធ្វើការដំឡើងភ្លើងសញ្ញាចរាចរណ៍មួយកន្លែង ដែលមានទីតាំងទល់មុខសាលាស្រុកមុខកំពូល ស្ថិតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

បន្ទាប់ពីពិនិត្យការដំឡើងរួចរាល់មក ភ្លើងសញ្ញាចរាចរណ៍នេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ព្រមទាំងប្រគល់ការគ្រប់គ្រងទាំងអស់ជូនដល់អាជ្ញាធរស្រុកមុខកំពូល ដើម្បីធ្វើការគ្រប់គ្រងនិងទទួលខុសត្រូវ ធ្វើយ៉ាងណាឱ្យភ្លើងសញ្ញាចរាចរណ៍នេះប្រើប្រាស់បានយូរអង្វែង ក្នុងនោះដែរពាក់ព័ន្ធ និងបញ្ហាបច្ចេកទេស ឯកឧត្តមអភិបាលរងខេត្ត ស្នើឱ្យអាជ្ញាធរស្រុកមុខកំពូល សហការជាមួយ មន្ទីរសាធារណៈការខេត្តដើម្បីធ្វើការគ្រប់គ្រងបន្ថែមទៀត។ នៅពេលមានភ្លើងសញ្ញាចរាចរណ៍រួចហើយ ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ដងផ្លូវទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពិសេសគោរពភ្លើងសញ្ញាចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ ធ្វើឱ្យយើងខាតបង់នូវពេលវេលា ថវិកា ទ្រព្យសម្បត្តិ ព្រមទាំងអាយុជីវិតរបស់យើងផងដែរ។

អត្ថបទទាក់ទង