រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៣ ដាំដើមឈើថ្នាក់ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ នៅក្នុងពិធីអបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៣ ដាំដើមឈើថ្នាក់ខេត្តកណ្ដាលក្រោមអធិបតីភាពឯកឧត្ដម នូ សាខន សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល តំណាងឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកណ្ដាល បានដាំដើមឈើ សរុបចំនួន ២០២៣ដើម នៅកំណាត់ផ្លូវជាតិលេខ២១B ក្នុងសង្កាត់តាខ្មៅ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ និងផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល និងចែកកូនឈើ ចំនួន៥០០០ដើមទៀត ជូនបងប្អូនប្រជាពល​រដ្ឋ​ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា ពិធី "រុក្ខទិវា" ថ្នាក់ខេត្តកណ្តាល នាឱកាសនេះ ធ្វើឡើងដើម្បីអបអរសាទរពិធី "រុក្ខទិវា" ថ្នាក់ជាតិ ដែលបានរៀបចំប្រារព្ធពិធី នៅថ្ងៃទី៩ កក្កដា ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះ ស្ថិតនៅស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក ក្នុងភូមិអូរកាឌុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាធិបតី ដ៏ ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ឯកឧត្ដមអភិបាលរងខេត្ត បន្តថា៖ ការដាំដើមឈើ គឺជាសកម្មភាពដែលយើងទាំងអស់គ្នាត្រូវចូលរួម និងអភិរក្សប្រភពធនធាន ដ៏សំខាន់នេះឱ្យបានគង់វង្ស ដែលសម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានជម្រុញការអភិវឌ្ឍន៍តំបន់បៃតងនៅតាម បណ្តាក្រុង/ស្រុកនីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមពាក្យស្លោក "ដាំដើមឈើផ្ដើមចេញពីអ្នក" ឬ "ទេសចរម្នាក់ ដើមឈើមួយដើម "ONE TOURIST ONE TREE"។ ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលរងខេត្ត បានស្នើដល់រដ្ឋបាលក្រុង-ស្រុកទាំងអស់ យកចិត្តទុកដាក់រៀបចំផែនការ ដាំដើមឈើឱ្យទាន់រដូវភ្លៀងធ្លាក់ ដោយយកទៅដាំ នៅតាមទីសាធារណៈ វត្តអារាម រមណីយដ្ឋាន មណ្ឌលសុខភាព សាលារៀន... ហើយត្រូវជំរុញ ចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គនៅតាមវត្ដអារាមឱ្យចូលរួម សកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែផងដែរ ឱ្យបានគ្រប់ទីកន្លែងទាំងអស់ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើដែលបានដាំរួចឱ្យបានដុះលូតលាស់ល្អ សម្រាប់ ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង ក្នុងគោលបំណងបង្កើនគម្របបៃតង ចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងការឡើងកំដៅផែនដី។

អត្ថបទទាក់ទង