រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីកាត់ខ្សែបូសម្ភោធឆ្លងកុដិ ក្លោងទ្វារ សាលាបឋមសិក្សារស្មីសាមគ្គីភូមិធំ និងសមិទ្ធិផលនានា វត្តកៀនស្វាយក្រៅ

ខេត្តកណ្តាល៖​ រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ខ្សែបូសម្ភោធឆ្លងកុដិ ក្លោងទ្វារ សាលាបឋមសិក្សារស្មីសាមគ្គីភូមិធំ និងសមិទ្ធិផលនានា វត្តកៀនស្វាយក្រៅ ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ មានប្រសាសន៍ក្នុងនោះ ឯកឧត្ដមគង់ សោភ័ណ្ឌ អភិបាលខេត្ត បានសម្ដែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មីៗក្នុងវត្តកៀនស្វាយក្រៅ សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនៅក្នុងឃុំភូមិធំ ក្នុងស្រុកកៀនស្វាយ ក៏ដូចជានៅក្នុងខេត្តកណ្តាលទាំងមូល។ ឯកឧត្ដមចាត់ទុកថាវត្តអារាមមានតួនាទីសំខាន់ណាស់ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាទីកន្លែងសម្រាប់សន្សំបុណ្យឧទ្ទិសកុសល ជាទីកន្លែងរៀបចំពិធីបុណ្យ និងការជួបជុំរីករាយផ្សេងៗ និងសំខាន់ជាមជ្ឈមណ្ឌលប្រមូលផ្តុំ សម្រាប់ការអប់រំបណ្តុះបណ្តាលផ្នត់គំនិត ផ្លូវចិត្ត សតិអារម្មណ៍ឲ្យមានភាពស្ងប់សុខ ចេះគោរពស្រឡាញ់គ្នា ចេះរួបរួមសាមគ្គីគ្នា ដែលជាប្រភពនៃភាពសុខដុមរមនាត្រជាក់ត្រជុំ និងសន្តិភាពជាតិដើម្បីកសាងសង្គមមួយឱ្យមានភាពសុខដុមរមនា រួមរស់ជាមួយគ្នាប្រកបដោយសេចក្តីសុខ និងភាពរីកចម្រើន ក្នុងសម័យតេជោសន្តិភាព។ ជាមួយនេះ ឯកឧត្ដមក៏សូមអរគុណប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល ក៏ដូចជានៅក្នុងឃុំភូមិធំ ផ្ទាល់ដែលជានិច្ចជាកាលតែងបានគាំទ្រជឿទុកចិត្តលើ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាការផ្តល់លទ្ធភាពឱ្យសម្តេចបន្តដឹកនាំអភិវឌ្ឍមាតុភូមិកម្ពុជាទៅមុខទៀត។ គោលនយោបាយ និងទស្សនវិស័យរបស់សម្តេច សំខាន់គឺការខិតខំឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ដោយត្រូវបន្តធ្វើ បន្តបម្រើប្រជាពលរដ្ឋ ធ្វើអ្វីដែលត្រូវ ធ្វើអ្វីដែលប្រជាពលរដ្ឋត្រូវការ ដែលទាំងនេះសុទ្ធសឹងជាអ្វីដែលបាន និងកំពុងអនុវត្តក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ។ ឯកឧត្តមបន្ថែមទៀតថា៖ ប្រសិនបើប្រទេសជាតិ គ្មានកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ប្រជាពលរដ្ឋ ក៏គ្មានសេរីភាព ប្រទេសជាតិក៏គ្មានការអភិវឌ្ឍ ដូចសព្វថ្ងៃនេះដែរ។ ហើយសុខសន្តិភាពដែលមាននៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ គឺបានមកដោយការលំបាកណាស់ គឺបានមកដោយការ លះបង់សព្វបែបយ៉ាងរបស់ថ្នាក់ដឹកនាំប្រទេសយើង។ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួម ថែរក្សាសុខសន្តិភាពនេះឲ្យនៅគង់វង្ស ត្រូវប្រឆាំងដាច់ខាតគ្រប់ចលនាណាមួយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាយើង។ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវផងដែរដល់សមាសភាពអ្នកចូលរួមទាំងអស់ ព្រមទាំងព្រះសង្ឃ និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ទៅលើសុខភាព និងអនាម័យ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងគោរពច្បាប់ចរាចរណ៍។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋត្រូវអប់រំកូនចៅ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋានត្រូវអនុវត្តអោយបាននូវការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់យើងរស់នៅដោយភាពសុខសាន្តសំបូរសប្បាយ៕

អត្ថបទទាក់ទង