រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីផ្សព្វផ្សាយសេចក្តីប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ប្រព័ន្ធ ចំនួន៣ឃុំ ក្នុងស្រុកលើកដែក

ខេត្តកណ្តាល៖ ឃុំចំនួន៣ ក្នុងស្រុកលើកដែករួមមាន ឃុំកំពង់ភ្នំ ឃុំក្អមសំណ និងឃុំព្រែកដាច់ ខេត្តកណ្តាល ត្រូវបានផ្សព្វផ្សាយសេចក្តីប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ប្រព័ន្ធដែលរៀបចំឡើងដោយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២៣។ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី បានថ្លែងថា៖ ប្រជាពលរដ្ឋក្នុងឃុំទាំងបីខាងលើសូមបោះបង្គោលព្រំដីអោយបានច្បាស់លាស់ និងត្រៀមឯកសារពាក់ព័ន្ធរួមមាន សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងឯកសារពាក់ព័ន្ធផ្សេងៗដើម្បីងាយស្រួលដល់ក្រុមការងារចុះវាស់វែងបានឆាប់រហ័សក្នុងការចេញប័ណ្ណកម្មសិទ្ធជូនបងប្អូនអោយបានឆាប់រហ័ស ។ លោក​បបានបញ្ជាក់ថា៖ កិច្ចប្រជុំនេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​ដំណើរការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​រួមមាន​ការកំណត់​ព្រំដី ការវាស់វែង និង​ការវិនិច្ឆ័យ ដែល​អនុវត្ត​ផ្ទាល់​ដោយ​មន្ត្រី​ជំនាញ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ទីរ អង្គភាព​គ្រប់គ្រង​ដី​រដ្ឋ​ដែល​ពាក់ព័ន្ធ ហើយការចុះបញ្ជី​ដីធ្លី​នេះ​គឺ ត្រូវ​ចុះបញ្ជី​ទាំង​ដីឯកជន ទាំង​ដី​រដ្ឋ ដែល​អនុវត្ត​ទៅតាម​នីតិវិធី និង​បច្ចេក វិទ្យា​ទំនើប មាន​តម្លាភាព និង​ការ​ទទួលខុសត្រូវ ហើយ​មាន​ប្រសិទ្ធិភាព​លើ​ការគ្រប់គ្រង​ដីធ្លី។នេះ​គឺជា​ប្រការ​សមស្រប​បំផុត ដែល​បានកំណត់​នៅក្នុង​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ទំនាស់​ដីធ្លី​នៅក្នុង​សង្គម។ ថ្លែងក្នុងឱកាសនោះ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានមានប្រសាសន៍ថា ៖កិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេច ឣគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃប្រទេសកម្ពុជា។ហើយការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ គឺដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ និងជាឯកសារសំអាងរឹងមាំមួយសម្រាប់ម្ចាស់ដីដែលបង្ហាញពីការកាន់កាប់ស្របតាមច្បាប់យ៉ាងពិតប្រាកដ ពិសេសទៀតនោះការចុះបញ្ជីដីធ្លីនេះបានធ្វើឱ្យ បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។ លោកអភិបាលស្រុក បានជំរុញដល់ក្រុមការងារឱ្យបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុងការចុះវាស់វែងដីធ្លីនៅក្នុងតំបន់គោលដៅឱ្យបានលឿនដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះលោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការឱ្យបានល្អក្នុងឱកាសចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ ភូមិ ឃុំ គ្រប់លំដាប់ថ្នាក់ ដើម្បីសម្រួលការងារ និងដំណើរការដោយរលូន៕

អត្ថបទទាក់ទង