រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឃុំចំនួន៤ ក្នុងស្រុកខ្សាច់កណ្តាល ទទួលបានវគ្គណ្តុះបណ្តាលគណៈ កម្មការរដ្ឋបាល ស្ដីពីតួនាទី និងភារៈកិច្ចក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ខេត្តកណ្តាល៖ ឃុំចំនួន៤ក្នុងស្រុកខ្សាច់កណ្តាល រួមមាន ឃុំកោះចូរ៉ាម ឃុំស្វាយរមៀត ឃុំកំពង់ចម្លង និងឃុំតាឯក ស្មើនឹង១៦ភូមិ ត្រូវបានគណៈកម្មការរដ្ឋបាលស្ដីពីតួនាទីភារកិច្ចក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បេីកវគ្គបណ្តុះបណ្តាលជូនដល់ មេភូមិ មេឃុំ និងចាស់ព្រឹទ្ធាចារ្យដើម្បីអោយយល់ច្បាស់ពីនីតិវិធីការចុះបញ្ជីដីធ្លី និងយល់ច្បាស់ពីនីតិវិធីច្បាប់ និងសាររាចរណ៍ណែនាំតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៣ នៅសាលាស្រុកខ្សាច់កណ្តាល។ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានមានប្រសាសន៍ថា៖គណៈកម្មការដែលទទួលបានវគ្គបណ្តុះបណ្តាលនាថ្ងៃនេះត្រូវត្រងត្រាប់ស្តាប់ និងយកចិត្តទុកដាក់សិក្សារៀនសូត្រ សហការជាមួយមន្រ្តីសុរិយោដីដែលចុះមកវាស់វែងដីជូនប្រជាពលរដ្ឋទាំង៤ឃុំនៅថ្ងៃខាងមុខនេះ​អោយទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ។ លោក អនុប្រធានមន្ទីរបានថ្លែងបន្តថា៖ ការបើកវគ្គបណ្តុះបណ្តាល គណៈកម្មការរដ្ឋបាល ស្ដីពីតួនាទី និងភារៈកិច្ចក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះគឺដើម្បីអោយលោក លោកស្រីដែលជាសិក្ខាកាមបានយល់ច្បាស់ពីនិតិវិធី នៃការកំណត់ចុះវាស់វែងដីជូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ និងដើម្បីអោយប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធសំគាល់ដីរបស់ខ្លួន និងកាត់បន្ថយបញ្ហាទំនាស់ដីធ្លីរវាងម្ចាស់ដីដែលនៅជាប់ព្រំជាមួយគ្នា។ លោកបានអំពាវនាវដល់ លោកមេភូមិ មេឃុំ និងចាស់ព្រឹទ្ធាចារ្យត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នាដោយអោយពួកគាត់រៀបចំនៅឯកសារពាក់ព័ន្ធទាំងអស់ រួមមាន៖ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងឯកសារផ្សេងៗ ដែលជាប់ទាក់ទងក្នុងការវាស់វែងដីនេះដើម្បីងាយស្រួលក្នុងការវាស់វែង និងធ្វើប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស។ លោកបានជំរុញដល់មន្រី្តពាក់ព័ន្ធ និងក្រុមចុះបញ្ជីទាំងអស់ត្រូវខិតខំបន្ថែមទៀតលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានដាក់ចេញដោយធ្វើយ៉ាងណាពន្លឿនសក​ម្ម​ភាពការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋឱ្យអស់ត្រឹមឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំង លើការងារចុះបញ្ជីដីធ្លីនេះដើម្បីចូលរួមចំណែកក្នុងការបង្កើននូវសុវត្តិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចអោយបានប្រសើរឡើង។ លោក បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋត្រូវកំណត់អោយបានច្បាស់លាស់ត្រឹមត្រូវនៅព្រំប្រទល់ដីជាមួយអ្នកជិតខាង និងបោះបង្គោលអោយរឹងមាំ។ លោកអភិបាលស្រុក បានរំលឹកដល់គណកម្មការរដ្ឋបាល​ ត្រូវពិនិត្យអោយបានត្រឹមត្រូវនូវ​តួលេខ​ដីរដ្ឋ​ សាលារៀន​ វត្ត​ បឹង​ ព្រែក​ ដីសាធសរណ:ដែលមាននៅក្នុងមូលដ្ឋាន​អោយបានច្បាស់លាស់​ មុននឹងធ្វេីការកំនត់ចុះបញ្ជី៕

អត្ថបទទាក់ទង