រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្ត្តកណ្តាល បើកកិច្ចប្រជុំបូកសរុប គម្រោងសកម្មភាព អាទិភាព សម្រាប់រៀបចំ កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឆ្នាំ២០២៤-២០២៦

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុប គម្រោងសកម្មភាពអាទិភាព សម្រាប់រៀបចំ កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២៤-២០២៦ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានជំរុញដល់ អាជ្ញាធរក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវបន្តកៀរគរថវិកាពីប្រភពនានាជួយគាំទ្រគម្រោងរបស់រដ្ឋបាលខេត្ត ក្រុង-ស្រុក និង ឃុំ-សង្កាត់ដែលបានស្នើឡើង ក្នុងគោលដៅអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានភាពរីកចំរើនបន្ថែមទៀត ឆ្លើយតប​ទៅនឹងសេចក្តីត្រូវការ​របស់​​ប្រជាពលរដ្ឋ និងជួយពន្លឿន កិច្ចអភិវឌ្ឍន៍​ខេត្តកណ្តាល​ ស្របតាម​គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ​ជូនប្រជាពលរដ្ឋ។ឯកឧត្ដម បានស្នើដល់សមាជិកក្នុងអង្គប្រជុំ ត្រូវចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែមទាំងខ្លឹមសារ និងទិន្ន័យឱ្យកាន់តែមានភាពត្រឹមត្រូវ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដើម្បីជាប្រយោជន៍ក្នុងការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍របស់ខេត្តឱ្យចំគោលដៅ អាចសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របទៅតាមតម្រូវការជាមូលដ្ឋានអាទិភាពជាក់ស្តែងរបស់ ប្រជាជនទូទាំងខេត្ត សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យកាន់តែប្រសើរឡើង។ដើម្បីធ្វើឱ្យដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ទទួលបានជោគជ័យ ឯកឧត្តមបានណែនាំ ដល់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវកំណត់បញ្ហាស្នូល ហើយត្រូវដំណោះស្រាយឱ្យបានល្អ ត្រូវចាត់អតិភាពគម្រោងដើម្បីអនុវត្តស្របទៅតាមតម្រូវការជាក់ស្ដែងរបស់មូលដ្ឋានខ្លួន ។ ជាពិសេសត្រូវខិតខំឱ្យអស់ពីលទ្ធភាពក្នុងការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការអភិវឌ្ឍន៍នានាបានទាន់ពេលវេលា តាមការកំណត់ផងដែរ។

អត្ថបទទាក់ទង