ខេត្តកណ្ដាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធាន PWG តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការជាដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវប្ដេជ្ញាខិតខំធ្វើយ៉ាងណាឱ្យខេត្តកណ្ដាល ក្លាយជាខេត្តODF Plus ទីមួយមុនគេនៅកម្ពុជា តាមរយៈសកម្មភាពបន្តអប់រំសុខភាពប្រជាជនចូលរួមថែរក្សាបរិស្ថានរស់នៅឱ្យបានស្អាតជាប្រចាំ ព្រមទាំងគិតគូរដល់និរន្តរភាពនៃការប្រើប្រាស់បង្គន់អនាម័យសម្រាប់ ប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះឱ្យកាន់តែប្រសើរជាងមុនថែមទៀត។ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាពវិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ និងផែនការបញ្ចប់ការបន្ទោសបង់ពាសវាពាសការកម្រិតខ្ពស់ ODF Plus កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី អភិបាកក្រុង-ស្រុកទាំង១៣ មន្ទីរពាក់ព័ន្ធអង្គការជាដៃគូ និងមន្ត្រីជំនាញជាច្រើនរូប។ឯកឧត្ដម នុត ពុធដារ៉ា បានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានប្រកាសទទួលស្គាល់ខេត្តកណ្តាល ជាខេត្តODF ខេត្តទីបីនៅកម្ពុជា ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ដែលនេះគឺជាមោទនភាពយ៉ាងធំធេងសម្រាប់ខេត្តកណ្ដាល និងមន្ត្រីទាំងអស់គ្នា។ ទន្ទឹមនឹងភាពជោគជ័យនេះក៏ខេត្តកណ្ដាលមិនបញ្ឈប់ត្រឹមនេះដែរ ខេត្តនឹងនៅតែប្តេជ្ញាបន្តសកម្មភាពអប់រំសុខភាពប្រជាជនឱ្យប្រើប្រាស់ បង្គន់អនាម័យ និងថែរក្សាបរិស្ថានរស់នៅឱ្យបានប្រសើរជានិច្ច ដើម្បីត្រៀមខ្លួនក្លាយជាខេត្ត ODF Plus ដោយគ្រាន់តែបំពេញបន្ថែមនូវចំនុចដែលខ្វះខាត់មួយចំនួនតែប៉ុណ្ណោះ។លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានមានប្រសាសន៍ថា ខេត្តកណ្ដាលបានក្លាយជាខេត្ត ODF ហើយ ពិតជាបាននាំមកនៅកិត្តិយសនិងសេចក្តីថ្លៃថ្នូរយ៉ាងធំធេងសម្រាប់ខេត្តកណ្ដាលទាំងមូល ប៉ុន្តែយើងទាំងអស់គ្នានឹងមានភារកិច្ចជាបន្តទៀតដែលត្រូវបំពេញ និងត្រូវធ្វើនោះគឺការសម្រេចឱ្យបាននូវការបញ្ឈប់បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ODF Plus មួយកម្រិតបន្ថែមទៀត ដើម្បីសេចក្តីសុខដើម្បីសុខភាព និងដើម្បីជីវភាពរស់នៅសមរម្យរបស់ប្រជាពលរដ្ឋនិងសហគមន៍ថ្លៃថ្នូរ។លោកស្រីបានបន្តថា ចំពោះសូចនាករសម្រាប់វាស់វែងកម្រិត ODF Plus គឺមិនខុសពី ODF ប៉ុន្មាននោះទេ គឺគ្រាន់តែយើងបន្ថែមចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួន លាងដៃនឹងសាប៊ូឱ្យបាន ៩៥% ខ្នងផ្ទះទុកដាក់សំរាម ទុកដាក់ទឹកសម្រាប់ផឹកមានសុវត្ថិភាពឱ្យបាន ៨៥% និងស្ថានភាពអនាម័យសមរម្យតាមស្ថាប័ន ឬអង្គភាពផ្ដល់សេវាឱ្យបាន ៨៥% ។
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/348921077_1032473784389893_5139413627346884260_n-3-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/347231180_568731462008422_293618054374354478_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/348899074_3357798604532826_2685975839561280840_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/348906191_230601386368055_6331783873539095777_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/349011020_668030525136275_1071984588570514362_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/349050668_774604444393537_5471987275868618128_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/349057759_796174532132114_6630228114278496666_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/349118579_1225285274810671_1906223473136135459_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/349147321_2514167362072130_3517029582884951778_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/347228429_949603659522455_396538036271003582_n-1024x682.jpg)