រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបំពាក់កន្សែង និងសច្ចាប្រណិធានដល់នវកាយរឹទ្ធិចំនួន១៨៤នាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាលតំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតី នៅក្នុងពិធីបំពាក់កន្សែង និងសច្ចាប្រណិធានដល់នវកាយរឹទ្ធិស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ថ្លែងក្នុងពិធីនេះ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងនូវអំណរគុណដល់ លោកគ្រូ អ្នកគ្រូ ដែលជាគណៈកម្មាធិការ យុវជនកាយរឹទ្ធិ ថ្នាក់ខេត្ត និងក្រុង ស្រុក ព្រមទាំងក្មួយៗសិស្សានុសិស្ស ដែលជាសមាជិកកាយរិទ្ធទាំងអស់ ដែលបានធ្វើ ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង នៅថ្ងៃនេះ គឺបានលះបង់យ៉ាងធំធេង សម្រាប់ការងារមនុស្សធម៌ ពិសេសក្មួយៗ ត្រូវចាំថា ចលនាកាយរឹទ្ធិ គឺរួមចំណែក ក្នុងការអភិវឌ្ឍកុមារ និងយុវជន ឲ្យមានសក្តានុពល ពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអាវេគភាព (គ្រប់គ្រងអារម្មណ៍) ដើម្បីឲ្យក្លាយទៅជាពលរដ្ឋ មានទំនួលខុសត្រូវ នឹងទៅជាសមាជិក សហគមន៍តាមមូលដ្ឋាន រស់នៅក្នុងសហគមន៍ ជាតិ និងអន្តរជាតិ។លោក បានបញ្ជាក់ថា យុវជនកាយរឹទ្ធិ គឺដើរតួយ៉ាងសំខាន់ នៅក្នុងសាលារៀន ក្នុងសង្គម និងក្លាយជាអ្នកបន្តវេនដ៏ល្អ នាពេលអនាគត ដូច្នេះក្មួយៗ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងស្តាប់បង្គាប់មាតាបិតា គោរពលោកគ្រូអ្នកគ្រូ និងបទបញ្ជាវិន័យ របស់សាលាឱ្យបានខ្ជាប់ខ្ជួន ដើម្បីក្លាយជាកុមារ ៣ល្អគឺ សិស្សល្អ កូនល្អ មិត្តល្អ និងមិនត្រូវយកតួនាទី ជាកាយរឹទ្ធិ ប្រព្រឹត្តអំពើ ដែលខុសច្បាប់នោះឡើយ។នៅក្នុងឱកាសនោះ ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានផ្តាំផ្ញើដល់ក្មួយៗ ជាយុវជនកាយរីទ្ធិទាំង១៨៤នាក់ ត្រូវគោរពច្បាប់កាយរឹទ្ធិ ទាំង១០ ប្រការនិងអនុវត្តន៍ តាមពាក្យសច្ចា ប្រណិធាន របស់កាយរីទ្ធិ ឲ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវអនុវត្ត ទៅតាមពាក្យស្លោក របស់កាយរឹទ្ធិ គឺធ្វើអំពើល្អ ឲ្យបាន ១ ក្នុង១ថ្ងៃ យ៉ាងតិច ។ឯកឧត្ដមបានបន្តថា ក្មួយៗ ត្រូវចាំថា កាយរឹទ្ធិកាយ, កាយគឺ កាយសម្បទា និងរឹទ្ធិគឺ អំណាច ដូច្នេះសូមក្មួយ ត្រូវថែរក្សាសុខភាព ឱ្យបានល្អ ហើយយុវជនកាយរឹទ្ធិ ត្រូវប្រកបដោយឆន្ទៈ និងលើកស្ទួយតំលៃ របស់យុវជន ព្រោះក្មួយៗ ជាសសរទ្រូង នៃប្រទេសជាតិ ប្រកបដោយចំណេះ ជំនាញ ពិតប្រាកដ លើកស្ទួយកិត្យានុភាពជាតិ ឱ្យបានថ្កុំថ្កើង ស័ក្ដិសមជាយុវជនបន្តវេន ដែលមានមនសិការស្នេហាជាតិ មាតុភូមិ និងគោរពបូជា ឱ្យអស់ពីចិត្តថ្លើមគឺជាតិ សាសនា ព្រះមហាក្សត្រ ៕

អត្ថបទទាក់ទង