រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទសង្គ្រាន្តសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតក្នុងស្រុកអង្គស្នួល

ខេត្តកណ្តាល៖ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសង្គ្រាន្តសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំពើក ស្រុកអង្គស្នួល នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។ឯកឧត្តម ហាក់ សុខមករា បានមានប្រសាសន៍ថា៖សង្គ្រាន្តសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ត្រូវបានប្រារព្ធឡើងរយៈពេល០៣ថ្ងៃ គឺនៅថ្ងៃទី០៧ ខែមេសា ត្រូវបានដឹកនាំ ដោយ សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា ផ្ទាល់ នៅថ្ងៃទី០៨ ម្សិលមិញនេះបានប្រារព្ធក្រោមអធិបតីភាពរបស់ ឯកឧត្តមសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក អង្គស្នួល និងថ្ងៃនេះជាថ្ងៃទី០៣ និងជាថ្ងៃចុងក្រោយ នៃការប្រារព្ធពិធីសង្ក្រាន្តផងដែរ។ឯកឧត្តមបន្តថា៖ការប្រារព្ធពិធីសង្ក្រាន្តគឺជាប្រពៃណីទំនៀមទម្លាប់មួយដែលត្រូវបានដូនតាខ្មែរតាំងពីបុរាណចាប់ផ្ដើមប្រមូលផ្ដុំគ្នាដើម្បីអបអរសាទរដល់ពិធីបុណ្យ និងទទួលទេវតាឆ្នាំថ្មី ដែលនឹងយាងចុះមកឃុំគ្រងថែរក្សាមនុស្ស លោកបន្តពីទេវតាឆ្នាំចាស់។ បច្ចុប្បន្ននេះ សង្ក្រាន្តត្រូវបានប្រារព្ធកាន់តែទូលំទូលាយ គឺមិនត្រឹមតែប្រារព្ធនៅតាម វត្តអារាមប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានប្រារព្ធយ៉ាងច្រើននៅគ្រប់ទីកន្លែងដូចជា សាលារៀន មន្ទីរពេទ្យ អង្គភាព សាធារណៈ និងពិសេសនៅតាមសហគមជាដើម ដែលបានបង្កភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋផង និងបានថែរក្សានូវវប្បធម៌ និងប្រពៃណីដ៏ល្អរបស់ខ្មែរយើងផងដែរ។ ឯកឧត្តមបន្ថែមថា៖ដោយឡែកសម្រាប់សង្ក្រាន្តដែលកំពុងប្រារព្ធ ពិធីនៅពេលនេះ មានភាពខុសប្លែកពីការប្រាព្ធទូទៅ សង្គ្រាន្តនេះមានកម្មវិធីជាច្រើនដូចជា៖ របាំជូនពរ របាំគោះត្រឡោក របាំព្រាបសន្តិភាព របាំនារីជាជួរ របាំទិវាប្រពៃណី របាំនារីកម្ពុជា របាំត្រុដិ របាំបុប្ផាលោកិយ របាំគែន របាំនេសាទ របាំកន្សែងស្នេហ៍ ល្ខោនខោល និងការលេងល្បែងប្រជាប្រិយ៍ជាច្រើនមុខទៀត។ក្នុងឱកាសនោះឯកឧត្តមបានបញ្ជាក់ជូនថា៖សង្ក្រាន្តខេត្តកណ្តាល នឹងប្រារព្ធធ្វើនៅតំបន់ប្រវត្តិសាស្ត្រភ្នំ ព្រះរាជទ្រព្យ ឬថៅថាភ្នំអដ្ឋរស្ស ឬភ្នំឧត្តុង្គ នៅថ្ងៃទី១៤-១៥-១៦ ខែមេសា និងសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ ក្នុងនោះរដ្ឋបាលខេត្តបានរៀបចំកម្មវិធីផ្សេងៗមានដូចជា កម្មវិធីល្បែងប្រជាប្រិយ៍ ការដាក់តាំងបង្ហាញសមិទ្ធផលខេត្ត ការតាំងពិព័រណ៍ កម្មវិធីប្រគុំតន្ត្រីសម័យខ្នាតធំ តន្ត្រីស្គរដី កម្មវិធីរត់ប្រណាំង ប្រណាំងកង់ប្រពៃណី កីឡាទាញព្រ័ត្រ ពិធីបណ្ដែតគោម ការបាញ់កាំជ្រួចពេលរាត្រី និងបានរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដែលមកលេងកម្សាន្តសប្បាយ។ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នជានិច្ច ចំពោះឧបទ្ទវហេតុដែលអាចកើតឡើងជាយថាហេតុ ឬដោយការធ្វេសប្រហែសរបស់បងប្អូនដូចជា ត្រូវប្រុងប្រយ័ត្ន ចំពោះការដុតទៀន ធូប សែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កការឆាប់ឆេះជាយថាហេតុ និងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះគ្រោះថ្នាក់ចរាចរណ៍ សូមបើកបរដោយស្មារតីទទួលខុសត្រូវ គោរពច្បាប់ប្រកាន់ស្តាំ មានការយោគយល់អធ្យាស្រ័យពិសេសហាមជាដាច់ខាតចំពោះការបើកបរក្នុងស្ថានភាពស្រវឹង៕

អត្ថបទទាក់ទង