រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទការប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន់រង្វាន់ Kong Sophorn Cup លើកទី២ ២០២៣ នៅកីឡដ្ឋានក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ថ្លែងនៅក្នុង ពិធីបិទការប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន់រង្វាន់ Kong Sophorn Cup លើកទី២ ២០២៣ នៅកីឡដ្ឋានក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្ដាល បានចាត់ទុក ព្រឹត្តិការណ៍នៃការប្រកួតនេះ គឺជាឱកាសមួយសម្រាប់កីឡាករ និងគ្រូបង្វឹក បន្តកសាងសមត្ថភាព បច្ចេកទេស ទេពកោសល្យ និង ជំនាញវិជ្ជាជីវៈរបស់ខ្លួន។ ឯកឧត្ដមអភិបាលខេត្កបានបន្តថា ព្រឹត្តិការណ៍កីឡានេះក៏បានរួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបាន សុខដុមនីយកម្មក្នុងសង្គមជាតិ ស្របពេលដែលប្រទេសកម្ពុជាយើង ត្រៀមឆ្ពោះទៅកាន់ព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលទង់ជាតិកម្ពុជានឹងអណ្តែតឡើងប្រកបដោយមោទកភាពក្នុងនាមជាប្រជាជាតិ ដែលមានអរិយធម៌ វប្បធម៌ ដ៏ល្បីរន្ទឺ និងចំណាស់មួយក្នុងសកលលោក ដែលនៅសល់តែ២៧ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ( SEA Games) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ដែលជាការប្រកួតកម្រិតអន្តរជាតិដ៏ធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនេះគឺជាកិត្តិយសជាប្រវត្តិសាស្ត្រមួយទៀត ក្នុងវិស័យកីឡា ដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ។ក្នុងពិធីនេះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុមដែលដណ្តើមបានពានរង្វាន់ថ្ងៃនេះ ត្រូវតែបន្ថែមការហ្វឹកហាត់ទៀត ដើម្បីបង្កើនសមត្ថភាពខ្លួនឲ្យកាន់តែល្អថែមទៀត ដោយឡែកក្រុមដែលមិនទទួលបានជ័យលាភីក៏សូមកុំអស់សង្ឃឹម ត្រូវគិតថាបច្ចេកទេសយើង មិនទាន់ដល់កម្រិតទើបយើងមិនទទួលបានជ័យលាភី ហេតុនេះពេលត្រឡប់ទៅវិញ ត្រូវខិតខំហ្វឹកហាត់បន្ថែម ដើម្បីមកចូលរួមប្រកួតនៅឱកាសក្រោយទៀត និងយកជ័យជំនះឲ្យទាល់តែបាន។សូមជម្រាបថា ពាន់រង្វាន់ Kong Sophorn Cup ក្នុងឆ្នាំនេះ មានចំនួន៤២ប្រកួត ដោយមានក្រុមបាល់ទាត់ ចំនួន១៩ក្រុម ចូលរួមប្រកួតអស់រយ:ពេល ៣៤ថ្ងៃ និងបានឈានមកការប្រកួតដណ្ដើម យកចំណាត់ថ្នាក់ជ័យលាភីនាថ្ងៃនេះ រវាងក្រុមក្រុមកីឡាបាល់ទាត់រដ្ឋបាលខេត្តកណ្ដាល និង ក្រុមកីឡាបាល់ទាត់ ស.ស.យ.ក ស្រុកពញាឮ ។ ជាលទ្ធផល ម្ចាស់ជ័យលាភីពាន់រង្វាន់ Kong Sophorn Cup ក្នុងឆ្នាំនេះ បានទៅលើក្រុមបាល់ទាត់ រដ្ឋបាលខេត្តកណ្ដាល -ក្រុមកីឡាបាល់ទាត់ ស.ស.យ.ក ស្រុកពញាឮទទួលបានចំណាត់ថ្នាក់លេខ២ -ក្រុមបាល់ទាត់ស្រុកមុខកំពូល ទទួលបានចំណាត់ថ្នាក់លេខ៣ និងក្រុមបាល់ទាត់ស្រុកល្វាឯម ទទួលបានចំណាត់ថ្នាក់លេខ៤ ។

អត្ថបទទាក់ទង