រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ភោធឆ្លងសាលាធម្មសភា និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនដល់ព្រះគ្រូចៅអធិការ វត្តខេមររាជការាម ហៅវត្តប៉ាកណាម ស្រុកកោះធំ

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីសម្ភោធឆ្លងសាលាធម្មសភា វត្តខេមររាជការាម ហៅវត្ត្តប៉ាកណាម និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនដល់ព្រះគ្រូចៅអធិការ ឡើងទីជាព្រះគូរតនបញ្ញាញាណ ជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហា សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណចំពោះ សប្បុរសជន ពុទ្ធបរិស័ទចំណុះជើងវត្ត ដែលតែងតែបានចូលរួមចំណែកកសាង និងអភិវឌ្ឍវិស័យពុទ្ធសាសនាក្នុងខេត្តកណ្តាល ជា ពិសេស សមិទ្ធផលនានា ដែលបាននឹងកំពុងកើតមាននៅក្នុងវត្តប៉ាកណាម ស្ថិតនៅឃុំព្រែកជ្រៃ ស្រុកកោះធំ ដែលបានកកើតពីសទ្ធាជ្រះថ្លា បរិសុទ្ធ របស់ពុទ្ធបរិស័ទយើងទាំងអស់គ្នា។ឯកឧត្ដអភិបាលខេត្ដ បានមានប្រសាសន៍ថា ពិធីបុណ្យសម្ពោធឆ្លងសាលាធម្មសភាក្នុងវត្តប៉ាកណាម ដែលកំពុងប្រារព្ធឡើងនាឱកាសនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត បង្ហាញឲ្យឃើញពីការរីកចំរើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងពី មូលដ្ឋានគ្រឹះដ៍សំខាន់នោះគឺប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងការទប់ស្កាត់ បានប្រកបដោយប្រសិទ្ធិភាពនូវការរីករាលដាលជម្ងឺកូវីដ-១៩។ ឯកឧត្ដមបានបន្តថា ជោគជ័យទាំងនេះ ផ្តើមចេញ ពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញ និង អនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យប្រកបដោយចីរភាព ។ឯកឧត្តម ក៍បានផ្តាំផ្ញើដល់លោកយាយ លោកតា​ ក្មួយៗ​សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ សូមបន្តគាំទ្រ ជឿជាក់លេីការដឹកនាំសម្តេចតេជោ ដែលនាំលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស​ សុខសន្តិភាព​ និងការអភិវឌ្ឍ​ជូនប្រជាជន​ និងប្រទេសកម្ពុជាទាំងមូល សូមកុំជឿការបំពុលព័ត៌មាន​របស់ជនអគតិមួយចំនួនមកលេីរាជរដ្ឋាភិបាលកម្ពុជា។លោក អេង សុវិចិត្រ អភិបាលស្រុកកោះធំ បានឱ្យដឹងថា វត្តប៉ាកណាម ត្រូវបានកសាងក្នុងឆ្នាំ១៨០០ គិតត្រឹមឆ្នាំ២០១៦ ព្រះតេជគុណព្រះនាម ញឹម ឡេង មកធ្វើជាចៅអធិការ និងបានកសាងសមិទ្ធិ ផលនានាជាច្រើនក្នុងវត្តនាពេលនេះរួមមាន៖ ចាក់ដីបំពេញទីធ្លាក្នុងវត្ត, កសាងរបេងវត្ត, កុដិឈើចំនួន ២ខ្នង , កសាងក្លោងទ្វារវត្ត, រោងបាយ។ លោកអភិបាលស្រុកកោះធំ បានឱ្យដឹងទៀតថា សាលាធម្មសភាដែលសម្ពោធនាឱកាសនេះ បានទទួលការឧបត្ថម្ភថវិកា ពីសំណាក់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងលោក លោកស្រីប្រធានមន្ទីរ អង្គភាព ព្រមទាំង សប្បុរសជនជិតឆ្ងាយ ដែលចំណាយទឹកប្រាក់ចំនួន ២៨ម៉ឺនដុល្លា នឹងកំពង់បន្តកសាងកុដិ ១ខ្នង ទទឹង១៤ ម៉ែត្រ បណ្ដោយ១៦ម៉ែត្រ កំពស់ ១ជាន់ គ្រោងចំណាយអស់ទឹកប្រាក់ ១០ម៉ឺនដុល្លា។

អត្ថបទទាក់ទង