រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យតម្រាយផ្លូវពិធីដង្ហែព្រះអគ្គីកីឡា ឆ្លងកាត់ខេត្តកណ្តាល នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ ឆ្នាំ២០២៣

++++++++ខេត្តកណ្តាល៖ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំត្រួតពិនិត្យតម្រាយផ្លូវពិធីដង្ហែព្រះអគ្គីកីឡា ឆ្លងកាត់ខេត្តកណ្តាល នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅសាលាស្រុកមុខកំពូល។ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ ពាក់ព័ន្ធនិងការពិនិត្យតម្រាយផ្លូវពិធីដង្ហែព្រះអគ្គីកីឡា ឆ្លងកាត់ខេត្តកណ្តាល ឯកឧត្តមបានស្នើដល់រដ្ឋបាលស្រុកមុខកំពូល និងស្រុកពញាឮ សូមជួយសម្របសម្រួលរៀបចំការងារសន្តិសុខ សណ្ដាប់ធ្នាប់ តាមដងផ្លូវដែលគប់ភ្លើងកីឡា ឆ្លងកាត់ រៀបចំសម្អាត អនាម័យបរិស្ថាន រៀបចំប្រជាពលរដ្ឋចូលរួមអបអរសាទរតាមដងផ្លូវ ដែលភ្លើងគប់កីឡាឆ្លងកាត់ដោយមានគ្រវីទង់ជាតិជាដើម ល។ ឯកឧត្តមបានណែនាំ និងជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអង្គភាព ស្ថាប័ន មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី ដែលភ្លើងគប់កីឡាឆ្លងកាត់ កងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ទាំងអស់សហការជិតស្និទ្ធ និងអនុវត្តតាមគោលដៅនៃតម្រាយផ្លូវដែលបានកំណត់ និងបំពេញការងារតាមតួនាទីភារកិច្ចជំនាញរបស់ខ្លួនដែលរដ្ឋបាលខេត្តបានបែងចែកឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបន្ថែមថា៖ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្តរូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមដំបូលសន្ដិភាព។ ក្នុងឱកាសនោះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានបញ្ចាក់ថា៖ ខេត្តកណ្តាល មិនបានរៀបចំធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទេ ពោលគឺ ភ្លើងគប់នេះគ្រាន់តែដង្ហែរឆ្លងកាត់ខេត្តកណ្តាលប៉ុណ្ណោះប៉ុន្តែទោះជាយ៉ាងនោះក្តី ខេត្តយើងក៏ត្រូវមានការទទួលបដិសណ្ឋារកិច្ច តាមបណ្ដាលស្រុក ដែលបានឆ្លងកាត់ ដូច្នេះហើយបានជាយើងត្រូវរៀបចំលក្ខណៈសម្បត្តិត្រៀម ទុកឱ្យហើយ ដើម្បីឲ្យសាកសម ធ្វើជាម្ចាស់ផ្ទះ ក្នុងការទទួលជំរុញឲ្យការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទទួលបានជោគជ័យជូនដល់ប្រទេសជាតិរបស់យើង ។ សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី ២២ ខែ ឆ្នាំដដែល មានការដង្ហែរភ្លើងព្រះអគ្គីនេះ ឆ្ពោះទៅកាន់ប្រទេសអាស៊ានទាំង ១០ រហូតដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ និងដង្ហែរភ្លើងព្រះអគ្គីមកដល់ប្រទេសកម្ពុជាវិញ មករក្សានៅខេត្តស្ទឹងត្រែងមួយយប់។ លុះដល់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ ទើបបន្តដង្ហែរចេញពីខេត្តស្ទឹងត្រែង កាត់តាមខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកណ្ដាល ទៅកាន់រាជធានីភ្នំពេញ៕

អត្ថបទទាក់ទង